ម៉ាឡេស៊ី និងរុស្ស៊ី នឹងជំរុញទំនាក់ទំនងសេដ្ឋកិច្ចលើវិស័យសំខាន់ៗ
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ -- ប្រទេសម៉ាឡេស៊ី និងរុស្ស៊ីបានព្រមព្រៀងគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដោយផ្តោតទៅលើវិស័យដែលមានសក្តានុពលខ្ពស់ ដូចជាវិស័យឧស្សាហកម្មហាឡាល់ និងកសិកម្ម បន្ទាប់ពីដំណើរទស្សនកិច្ចការងាររបស់ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ហ្វាឌីឡាហ៍ យូសូហ្វ (Fadillah Yusof) ទៅកាន់ប្រទេសរុស្ស៊ី។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី២៨ ខែមិថុនា លោកហ្វាឌីឡាហ៍ បានកត់សម្គាល់ថា ពាណិជ្ជកម្មទ្វេភាគីនៅតែមានកម្រិតតិចតួចនៅក្នុងឆ្នាំ២០២៤ ដែលមានតម្លៃសរុបចំនួន ២,៤៨ពាន់លានដុល្លារអាម៉េរិក។ ការនាំចេញសំខាន់ៗរបស់ម៉ាឡេស៊ីរួមមាន គ្រឿងអេឡិចត្រូនិក គ្រឿងម៉ាស៊ីន និងអាហារកែច្នៃ។
លោកបានលើកទឹកចិត្តដល់បណ្តាក្រុមហ៊ុនរបស់រុស្ស៊ីឱ្យវិនិយោគទៅលើវិស័យយុទ្ធសាស្ត្រក្នុងប្រទេសម៉ាឡេស៊ី ដែលរួមមានវិស័យលំហអាកាស កសិ-បច្ចេកវិទ្យា ថាមពល បច្ចេកវិទ្យាព័ត៌មានវិទ្យា សេដ្ឋកិច្ចឌីជីថល ហិរញ្ញវត្ថុឥស្លាម និងផលិតកម្មហាឡាល់។ លោកក៏បានស្នើឱ្យមានការស្រាវជ្រាវរួមគ្នាទៅលើផ្នែកជី ថ្នាំសម្លាប់សត្វល្អិត វិស្វកម្មកសិកម្មនិងបច្ចេកវិទ្យាចំណីអាហារផងដែរ។
នៅក្នុងវិស័យអប់រំ លោក ហ្វាឌីឡាហ៍ បានសម្តែងក្តីសង្ឃឹមថាប្រទេសរុស្ស៊ីនឹងពង្រីកការផ្តល់អាហារូបករណ៍ដល់និស្សិតម៉ាឡេស៊ីក្នុងវិស័យដែលកំពុងរីកចម្រើន ដូចជាបញ្ញាសិប្បនិម្មិត (AI) វិទ្យាសាស្ត្រទិន្នន័យ និងបច្ចេកវិទ្យាព័ត៌មានវិទ្យា។
សម្រាប់ប្រតិបត្តិការហិរញ្ញវត្ថុ ម៉ាឡេស៊ីបានសន្យាជួយសម្រួលដល់ដំណើរការកាន់តែរលូនតាមរយៈភ្នាក់ងារពាក់ព័ន្ធ រួមទាំងធនាគារកណ្តាលរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងកង្វល់ដែលលើកឡើងដោយភាគីរុស្ស៊ី។
រុស្ស៊ីក៏បានប្តេជ្ញាគាំទ្រមហិច្ឆតាថាមពលនុយក្លេអ៊ែររបស់ប្រទេសម៉ាឡេស៊ី ក្រោមផែនទីបង្ហាញផ្លូវផ្លាស់ប្តូរថាមពលជាតិរបស់ខ្លួន។ លោក ហ្វាឌីឡាហ៍ បានកោតសរសើរដល់ក្រុមអ្នកជំនាញរបស់រុស្ស៊ី និងបង្ហាញពីការពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក អាឡិចសី អូវើឈុក (Alexey Overchuk) និងនាយកប្រតិបត្តិក្រុមហ៊ុន Rosatom លោក អាឡិចសី លីខាឆេវ (Alexey Likhachev) ស្តីពីកិច្ចសហប្រតិបត្តិការដែលមានសក្តានុពលក្នុងការបណ្តុះបណ្តាលកម្លាំងពលកម្ម និងទំនើបកម្មបណ្តាញអគ្គិសនី។
ម៉ាឡេស៊ីកំពុងស្វែងរកយ៉ាងយកចិត្តទុកដាក់ទៅលើថាមពលនុយក្លេអ៊ែរដែលជាយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់សន្តិសុខថាមពលហើយចាត់ទុកដំណើរទស្សនកិច្ចកាលពីពេលថ្មីៗនេះថាជាឱកាសដើម្បីយល់កាន់តែច្បាស់អំពីសុវត្ថិភាព បច្ចេកវិទ្យា និងប្រតិបត្តិការនៃរោងចក្រថាមពលនុយក្លេអ៊ែរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





