ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី សហការគ្នាអភិវឌ្ឍន៍តំបន់តាមព្រំដែន
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ -- ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ប្រាបូវ៉ូ ស៊ូប៊ីអាន់តូ (Prabowo Subianto) និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បានព្រមព្រៀងគ្នាបន្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅក្នុងប្លុកសមុទ្រអាំបាឡាត់ (Ambalat)។
មេដឹកនាំទាំងពីរបានពិភាក្សាគ្នាអំពីបញ្ហាព្រំដែនក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេនៅវិមាន Merdeka ក្នុងទីក្រុងហ្សាកាតាកាលពីចុងសប្តាហ៍មុន។
នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយ លោកប្រធានាធិបតី ប្រាបូវ៉ូបានកត់សម្គាល់ថា ចាប់តាំងពីការដោះស្រាយបញ្ហាព្រំដែនដែលជារឿយៗត្រូវការចំណាយពេលវេលាច្រើនោះ ភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការស្វែងរកដំណោះស្រាយដែលមានផលប្រយោជន៍ទៅវិញទៅមក។លោកបានបញ្ជាក់ថា ក្នុងករណីនៃប្លុកសមុទ្រអាំបាឡាត់ ភាគីទាំងពីរមានគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្រោមគម្រោងអភិវឌ្ឍន៍រួម ខណៈដែលកំពុងរង់ចាំដំណោះស្រាយផ្លូវច្បាប់។
លោកបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលទាំងពីរបានឯកភាពគ្នាទៅលើសារៈសំខាន់នៃការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដោយមិនរង់ចាំការដោះស្រាយបញ្ហាទឹកដីចុងក្រោយនោះទេ។
លោកនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម បានបង្ហាញទស្សនៈស្រដៀងគ្នានេះ ដោយបានទទួលស្គាល់ថា ដំណោះស្រាយផ្លូវច្បាប់អាចចំណាយពេលច្រើនឆ្នាំ ប៉ុន្តែលោកបាននិយាយថា បញ្ហានេះមិនគួររារាំងដល់វឌ្ឍនភាពក្នុងវិស័យផ្សេងទៀតនោះទេ។ លោកបានកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ប្លុកសមុទ្រអាំបាឡាត់អាចឆ្ពោះទៅមុខតាមរយៈគំនិតផ្តួចផ្តើមអភិវឌ្ឍន៍រួមគ្នា បើទោះបីជាដំណោះស្រាយផ្លូវច្បាប់អាចចំណាយពេលដល់ទៅពីរទសវត្សរ៍ក៏ដោយ។
លោក អាន់វ៉ា បានបញ្ជាក់សារជាថ្មីថា ប្រទេសទាំងពីរអាចប្រើប្រាស់រយៈពេលអន្តរាគម ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក និងបង្ហាញទំនុកចិត្តថា ដំណោះស្រាយរហ័ស និងយុត្តិធម៌អាចត្រូវបានសម្រេច។
ក្រៅពីតំបន់ប្លុកសមុទ្រអាំបាឡាត់ មេដឹកនាំទាំងពីរក៏បានពិភាក្សាគ្នាអំពីបញ្ហាព្រំដែនផ្សេងៗទៀត ដែលរួមទាំងព្រំដែនរវាងខេត្តកាលីម៉ាន់តាន់ខាងជើងរបស់ឥណ្ឌូណេស៊ី និងរដ្ឋសាបារបស់ម៉ាឡេស៊ី នៅលើកោះបូណេអូផងដែរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





