ថៃរុះរើគណៈរដ្ឋមន្ត្រី
AKP ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ -- នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថុងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) កាលពីល្ងាចថ្ងៃទី២៨ខែមិថុនា ឆ្នាំ២០២៥ បានដាក់បញ្ជីសមាជិកគណៈរដ្ឋមន្ត្រីថ្មីរបស់លោកស្រីថ្វាយព្រះមហាក្សត្រថៃដើម្បីអនុម័ត។
ក្រោមអ្វីដែលហៅថា គណៈរដ្ឋមន្រ្តី «ផែថុងថាន១/២» លោកស្រីនាយករដ្ឋមន្ត្រី ផែថុងថាន ក៏នឹងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងវប្បធម៌ផងដែរ ខណៈដែលឧបនាយករដ្ឋមន្ត្រី លោក ភុមថាម វេឆាយាឆៃ (Phumtham Wechayachai) នឹងលាឈប់ពីតួនាទីជារដ្ឋមន្ត្រីក្រសួងការពារជាតិ ដើម្បីចូលកាន់តំណែងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ តំណែងរដ្ឋមន្ត្រីក្រសួងការពារជាតិនឹងនៅទំនេរ ដោយលោកនាយឧត្តមសេនីយ៍ ណាត់ថាផុន ណាក់ផានិច (Natthaphon Nakphanich) នឹងក្លាយជារដ្ឋមន្ត្រីស្តីទីខណៈដែលលោកនឹងនៅតែបន្តតួនាទីជាអនុរដ្ឋមន្ត្រីក្រសួងការពារជាតិដដែល។
លោក ចាទុផន ប៊ូរូសផាត់ (Jatuporn Buruspat) លេខាធិការអចិន្ត្រៃយ៍នៃក្រសួងធនធានធម្មជាតិ និងបរិស្ថាន នឹងត្រូវតែងតាំងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
លោកស្រី ណារុម៉ុន ពីនយ៉ូស៊ីនវ៉ាត់ (Narumon Pinyosinwat) នឹងលាឈប់ពីតំណែងជារដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ ទៅធ្វើជារដ្ឋមន្ត្រីក្រសួងអប់រំវិញ។
លោកស្រី ស៊ូដាវ៉ាន់ វ៉ាងស៊ូផាគីចកុសល (Sudawan Wangsuphakijkosol) នឹងផ្លាស់ពីតួនាទីបច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងវប្បធម៌ទៅកាន់តំណែងជារដ្ឋមន្ត្រីក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍។ សម្រាប់លោក ពង្សកាវីន ជុងរុងរឿងគីត (Pongkawin Jungrungruangkit) ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការងារ ខណៈដែលលោក ស៊ូឆាត តាន់ចារើន (Suchart Tancharoen) នឹងធ្វើជារដ្ឋមន្ត្រីនៃការិយាល័យនាយករដ្ឋមន្ត្រី។
ការផ្លាស់ប្តូរផ្សេងទៀតនៅក្នុងគណៈរដ្ឋមន្ត្រីថ្មីនេះ ក៏ពាក់ព័ន្ធទៅនឹងមុខតំណែងជាអនុរដ្ឋមន្ត្រីមួយចំនួននៅក្នុងក្រសួងមហាផ្ទៃ ក្រសួងអប់រំក្រសួងសុខភាពសាធារណៈ និងក្រសួងពាណិជ្ជកម្មផងដែរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





