កូរ៉េខាងត្បូង និងអង្គការ NATO យល់ព្រមបង្កើតស្ថាប័នប្រឹក្សាលើឧស្សាហកម្មការពារជាតិ
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ -- ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកូរ៉េខាងត្បូង និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បានព្រមព្រៀងគ្នាបង្កើតស្ថាប័នពិគ្រោះយោបល់មួយស្តីពីកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិ។
កិច្ចព្រមព្រៀងនេះត្រូវបានសម្រេចក្នុងជំនួបរវាងទីប្រឹក្សាសន្តិសុខជាតិលោក វី ស៊ុងឡាក់ (Wi Sung-lac) និងអគ្គលេខាធិការអង្គការ NATOលោក ម៉ាក រូតតេ (Mark Rutte) នៅខាងក្រៅកិច្ចប្រជុំកំពូលរបស់អង្គការNATO ដែលធ្វើឡើងនៅទីក្រុងឡាអេ។
ការិយាល័យបាននិយាយនៅក្នុងសេចក្តីប្រកាសមួយថា ក្នុងអំឡុងកិច្ចប្រជុំនោះ លោក វីបានផ្តល់សំបុត្រផ្ទាល់ខ្លួនមួយពីលោកប្រធានាធិបតីលី ចេយ៉ុង (Lee Jae Myung) ដោយបានពន្យល់ពីមូលហេតុនៃការអវត្តមានរបស់លោកពីកិច្ចប្រជុំកំពូលនៅឆ្នាំនេះ និងបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់លោកក្នុងការធ្វើឱ្យស៊ីជម្រៅភាពជាដៃគូរវាងប្រទេសកូរ៉េខាងត្បូង និងអង្គការ NATO ។
ការិយាល័យនេះបាននិយាយថា «លោក វី បានបង្ហាញក្តីសង្ឃឹមថាប្រទេសកូរ៉េខាងត្បូងនិងអង្គការ NATO ដែលចែករំលែកតម្លៃនៃលទ្ធិប្រជាធិបតេយ្យ និងសន្តិភាព នឹងសហការយ៉ាងសកម្មក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមជាសកលដ៏ស្មុគស្មាញ»។
លោក វី ក៏បានលើកឡើងពីសក្តានុពលដ៏រឹងមាំសម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងឧស្សាហកម្មការពារជាតិ ដោយលោកបានចង្អុលបង្ហាញពីសមត្ថភាពការពារជាតិកម្រិតកំពូលរបស់ប្រទេសកូរ៉េខាងត្បូង។
ភាគីទាំងពីរបានព្រមព្រៀងគ្នាបង្កើតស្ថាប័នប្រឹក្សាឧស្សាហកម្មការពារជាតិកូរ៉េខាងត្បូង-អង្គការ NATO កម្រិតថ្មី ដើម្បីពិភាក្សាអំពីវិធានការជាក់លាក់ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ។
ពួកគេក៏បានយល់ព្រមក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិ តាមរយៈការចូលរួមរបស់ប្រទេសកូរ៉េខាងត្បូងនៅក្នុងគម្រោងនាពេលអនាគតរបស់អង្គការ NATO ក្នុងគោលបំណងពង្រឹងសមត្ថភាពការពាររបស់សម្ព័ន្ធអន្តរអាត្លង់ទិក៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





