ចិន និងក្រូអាតបន្តកម្មវិធីកិច្ចសហប្រតិបត្តិការអប់រំ
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ -- ក្រសួងអប់រំចិន និងក្រសួងវិទ្យាសាស្ត្រ អប់រំ និងយុវជនក្រូអាតបានចុះហត្ថលេខាលើកម្មវិធីកិច្ចសហប្រតិបត្តិការអប់រំឆ្នាំ២០២៥-២០២៩ កាលពីថ្ងៃពុធ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំទ្វេភាគីបន្ថែមទៀត។
យោងតាមកម្មវិធី ភាគីទាំងពីរនឹងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យដូចជា ការស្រាវជ្រាវឧត្តមសិក្សា ការអប់រំមូលដ្ឋាន និងវិជ្ជាជីវៈ ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការពហុភាគីនៅក្នុងអង្គការអន្តរជាតិ និងស្ថាប័នផ្សេងៗទៀត។ កម្មវិធីកិច្ចសហប្រតិបត្តិការអប់រំថ្មី គឺជាការបន្ត និងពង្រីកកម្មវិធីកិច្ចសហប្រតិបត្តិការអប់រំឆ្នាំ២០១៨-២០២២ ដែលបានចុះហត្ថលេខាដោយភាគីទាំងពីរឆ្នាំមុន។
ក្នុងពិធីចុះហត្ថលេខានេះ ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសក្រូអាត លោក ឈី ឈានជីន (Qi Qianjin) បាននិយាយថា ការបន្តកម្មវិធីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំរបស់ប្រទេសទាំងពីរនឹងជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរបស់ប្រទេសទាំងពីរក្នុងវិស័យអប់រំ។
លោក ឈី បាននិយាយថា ចាប់តាំងពីការបង្កើតភាពជាដៃគូសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងប្រទេសចិន និងក្រូអាតកាលពី២០ឆ្នាំមុន កិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យផ្សេងៗបានបន្តកើនឡើងដោយលោកបានបន្ថែមថា ដោយសារការច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ពិភពលោកកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស វាពិតជាមានសារៈសំខាន់ជាពិសេសក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកអប់រំរវាងភាគីទាំងពីរ។
លោក រ៉ាដូវ៉ាន់ ហ្វូចស៍ (Radovan Fuchs) រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រអប់រំ និងយុវជនក្រូអាត បានកោតសរសើរចំពោះការចុះហត្ថលេខាលើកម្មវិធីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំថ្មី ដោយលោកបានគូសបញ្ជាក់ពីការពង្រីករបស់ខ្លួនទៅក្នុងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំជាមូលដ្ឋាននិងវិជ្ជាជីវៈ ហើយបានសម្តែងការជឿជាក់ថាកម្មវិធីថ្មីនេះនឹងនាំឱ្យមានលទ្ធផលក្នុងកិច្ចសហប្រតិបត្តិការអប់រំទ្វេភាគី៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





