ភេរវករ ១១នាក់ និងទាហាន ២នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការនៅប្រទេសប៉ាគីស្ថាន
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ -- យោធាបាននិយាយកាលពីថ្ងៃអង្គារថា ភេរវករ ១១នាក់ និងទាហាន ២នាក់ត្រូវបានសម្លាប់ក្នុងអំឡុងប្រតិបត្តិការដែលមានមូលដ្ឋានលើការស៊ើបការណ៍នៅក្នុងខេត្តឃីបឺ ប៉ាក់ទុនខ្វា ភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន។
ទីភ្នាក់ងារទំនាក់ទំនងសាធារណៈអន្តរសេវាកម្ម (ISPR) ដែលជាប្រព័ន្ធផ្សព្វផ្សាយរបស់កងទ័ពប៉ាគីស្ថានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងសន្តិសុខបានធ្វើប្រតិបត្តិការនៅក្នុងស្រុកវ៉ាហ្សីរីស្ថាន ភាគខាងត្បូងនៃខេត្តនេះ ទៅលើរបាយការណ៍អំពីវត្តមានរបស់ភេរវករ។
ទីភ្នាក់ងារ ISPR បាននិយាយថា «ក្នុងអំឡុងពេលនៃប្រតិបត្តិការនេះកងទ័ពបានចូលរួមយ៉ាងសកម្មលើទីតាំងរបស់ភេរវករ» ដោយទីភ្នាក់ងារបានបន្ថែមថា ភេរវករ ១១នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលប្រតិបត្តិការ។
ទីភ្នាក់ងារ ISPR បាននិយាយថា ទោះបីជាយ៉ាងណាក៏ដោយក្នុងអំឡុងពេលនៃការបាញ់ប្រហារគ្នាយ៉ាងខ្លាំង ទាហាន ២នាក់ក៏បានបាត់បង់ជីវិតផងដែរ។ ទីភ្នាក់ងារបានបន្ថែមថា ប្រតិបត្តិការបោសសម្អាតកំពុងត្រូវបានអនុវត្តន៍ដើម្បីលុបបំបាត់វត្តមានរបស់ភេរវករផ្សេងទៀតចេញពីតំបន់នោះ។
យោធាបាននិយាយថា កងកម្លាំងសន្តិសុខប៉ាគីស្ថានប្តេជ្ញាលុបបំបាត់ការគំរាមកំហែងនៃអំពើភេរវកម្មចេញពីប្រទេសនេះ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





