ម៉ុងហ្គោលី និងអ៊ូសបេគីស្ថានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការ
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ -- ការិយាល័យប្រធានាធិបតីម៉ុងហ្គោលីបាននិយាយនៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃអង្គារថាប្រទេសម៉ុងហ្គោលី និងអ៊ូសបេគីស្ថានបានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការមួយចំនួន។
ឯកសាររួមទាំងសេចក្តីប្រកាសរួមស្តីពីភាពជាដៃគូទូលំទូលាយរវាងប្រទេសម៉ុងហ្គោលី និងសាធារណរដ្ឋអ៊ូសបេគីស្ថាន និងអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យធនធានរ៉ែត្រូវបានចុះហត្ថលេខានៅរដ្ឋធានីយូឡានបាទ័រ ប្រទេសម៉ុងហ្គោលី។
អមដំណើរដោយគណៈប្រតិភូជាន់ខ្ពស់ ប្រធានាធិបតីអ៊ូសបេគីស្ថានលោក សាវកាត់ មៀហ្សីយ៉ូយ៉េវ (Shavkat Mirziyoyev) បានមកដល់ទីក្រុងយូឡានបាទ័រ កាលពីរសៀលថ្ងៃអង្គារ សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃតាមការអញ្ជើញរបស់ប្រធានាធិបតីម៉ុងហ្គោលី លោក យូខ៍ណា ឃូរ៉េលស៊ូខ៍ (Ukhnaa Khurelsukh) ។
នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតីអ៊ូសបេគីស្ថានទៅកាន់ប្រទេសម៉ុងហ្គោលីចាប់តាំងពីបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





