រដ្ឋាភិបាលថៃបញ្ចប់ផែនការជម្លៀសប្រជាជនថៃនៅមជ្ឈិមបូព៌ា
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ -- ប្រទេសថៃបានបញ្ចប់នូវផែនការជម្លៀសពលរដ្ឋរបស់ខ្លួននៅមជ្ឈិមបូព៌ាហើយ ដោយសារតែភាពតានតឹងបានកើនឡើងបន្ទាប់ពីមានជម្លោះក្នុងតំបន់ និងរបាយការណ៍អំពីសកម្មភាពយោធា។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃលោក ភុមថាម វេឆាយាឆៃ (Phumtham Wechayachai) បាននិយាយថាប្រទេសថៃបានរៀបចំយ៉ាងពេញលេញក្នុងការជម្លៀសជនជាតិថៃប្រសិនបើមានករណីចាំបាច់ ជាមួយនឹងផ្លូវដែលបានកំណត់ ពេលវេលាធ្វើដំណើរ និងនីតិវិធី។
ពលរដ្ឋថៃភាគច្រើនដែលរស់នៅក្នុងប្រទេសដែលកំពុងរងគ្រោះទាំងនោះ គឺជាពលករចំណាកស្រុកដែលស្វែងរកការងារធ្វើ មិនមែនជាអ្នកទេសចរនោះទេ។ នៅក្នុងប្រទេសអ៊ីរ៉ង់ ជនជាតិថៃប្រមាណ ៣០០នាក់កំពុងស្នាក់នៅបច្ចុប្បន្ន ហើយការជម្លៀសតាមដីគោកអាចចំណាយពេលដល់ទៅ ៩ម៉ោង។ អាជ្ញាធរបានពិនិត្យ និងសម្របសម្រួលផ្លូវជម្លៀសជាមុនដើម្បីធានាឱ្យមានការឆ្លើយតបទាន់ពេលវេលាក្នុងករណីចាំបាច់។
នៅអ៊ីស្រាអែលដែលមានជនជាតិថៃពី ៣០.០០០នាក់ ទៅ៤០.០០០នាក់កំពុងធ្វើការនោះ ស្ថានភាពនៅតែមានស្ថិរភាពទេ ហើយភាគច្រើនមិនទាន់មានការស្នើសុំសម្រាប់ការធ្វើមាតុភូមិនិវត្តន៍នៅឡើយទេ។នីតិវិធីជម្លៀសក្នុងករណីនេះនឹងចំណាយពេលប្រហែលមួយម៉ោង។យន្តហោះ និងបុគ្គលិកចាំបាច់ទាំងអស់កំពុងរង់ចាំ ហើយរដ្ឋាភិបាលថៃបានត្រៀមខ្លួនរួចជាស្រេចដើម្បីឆ្លើយតបភ្លាមៗ ប្រសិនបើស្ថានការណ៍កាន់តែយ៉ាប់យ៉ឺនទៅ។
លោក ភុមថាម ក៏បានលើកឡើងផងដែរអំពីកង្វល់ជុំវិញរបាយការណ៍ដែលបាននិយាយថា ពលរដ្ឋថៃអាចនឹងត្រូវគិតប្រាក់រហូតដល់១០.០០០ដុល្លារអាម៉េរិកដើម្បីជម្លៀសចេញពីប្រទេសអ៊ីរ៉ង់ ដោយលោកបានច្រានចោលការលើកឡើងនេះ និងបានបញ្ជាក់ថា ជនជាតិថៃនឹងមិនទទួលបន្ទុកបែបនេះទេ។ រាល់ការរៀបចំផ្នែកដឹកជញ្ជូន និងឆ្លងដែនត្រូវបានគិតគូររួចរាល់អស់ហើយ។
មន្ត្រីនៅតែបន្តតាមដានស្ថានការណ៍យ៉ាងដិតដល់តាមរយៈបណ្តាញការទូត និងបណ្តាញក្នុងស្រុក។ ពលរដ្ឋថៃនៅក្នុងតំបន់ដែលរងផលប៉ះពាល់ត្រូវបានណែនាំអំពីជម្រើសរបស់ពួកគេ និងជំហានដែលនឹងត្រូវធ្វើឡើងប្រសិនបើការជម្លៀសត្រូវបានផ្តួចផ្តើមឡើង៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ NNT)





