ប្រទេសថៃកត់ត្រានូវការធ្លាក់ចុះ ៤,២៤% នៃភ្ញៀវទេសចរបរទេស
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ -- ក្រសួងទេសចរណ៍ និងកីឡារបស់ប្រទេសថៃ បានរាយការណ៍កាលពីថ្ងៃទី២៤ ខែមិថុនា ថា ចំនួនភ្ញៀវទេសចរបរទេសដែលទៅប្រទេសថៃចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២២ខែមិថុនា បានធ្លាក់ចុះ ៤,២៤% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះបានស្វាគមន៍ភ្ញៀវទេសចរបរទេសប្រហែល ៦,០៤លាននាក់ក្នុងរយៈពេលខាងលើនេះ ដោយភ្ញៀវទេសចរម៉ាឡេស៊ីជាប្រភពធំបំផុតដែលមានចំនួន ២,១៩លាននាក់ បន្ទាប់មកគឺប្រទេសចិនមានចំនួន ២,១៧លាននាក់។
តួលេខនេះត្រូវបានប្រកាសនៅក្នុងបរិបទដែលក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ (NESDC) របស់ប្រទេសថៃបានកាត់បន្ថយការព្យាកររបស់ខ្លួនសម្រាប់ការទៅដល់នៃភ្ញៀវទេសចរបរទេសនៅក្នុងឆ្នាំនេះមកនៅត្រឹម ៣៧លាននាក់ពីចំនួន ៣៨លាននាក់។
នៅក្នុងឆ្នាំ២០១៩ មុនពេលនៃការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ-១៩ប្រទេសថៃបានរាយការណ៍ថាមានកំណត់ត្រានៃការទៅដល់របស់ភ្ញៀវទេសចរបរទេសចំនួន ៤០លាននាក់៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





