ឥណ្ឌូណេស៊ីស្វែងរកកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ីក្នុងវិស័យប្រេង ឧស្ម័ន និងថាមពលនុយក្លេអ៊ែរ
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ -- ប្រទេសឥណ្ឌូណេស៊ីកំពុងស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយរុស្ស៊ី និងពន្លឿនផែនការអភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែររបស់ខ្លួន ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រសន្តិសុខថាមពលរយៈពេលវែង ចំពេលដែលភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយមានការកើនឡើង។
រដ្ឋមន្ត្រីក្រសួងថាមពល និងធនធានរ៉ែឥណ្ឌូណេស៊ី លោក បាលីល ឡាហាដាលីយ៉ា (Bahlil Lahadalia) បានថ្លែងកាលពីថ្ងៃទី២៤ ខែមិថុនាថា ប្រទេសឥណ្ឌូណេស៊ីកំពុងពិចារណាទៅលើលទ្ធភាពនៃការនាំចូលឧស្ម័នធម្មជាតិពីប្រទេសរុស្ស៊ី ការនាំចេញប្រេងឆៅទៅកាន់ទីក្រុងម៉ូស្គូ និងកិច្ចសហប្រតិបត្តិការដើម្បីបង្កើនផលិតកម្មប្រេង។
សំណើទាំងនេះត្រូវបានធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកទៅរុស្ស៊ីកាលពីសប្តាហ៍មុន ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីអាន់តូ (Prabowo Subianto) សម្រាប់កិច្ចពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin)។
លោក បាលីល បានបញ្ជាក់ថា កិច្ចប្រជុំបន្តជាមួយតំណាងសហគ្រាសរុស្ស៊ីត្រូវបានកំណត់ពេលនៅក្នុងសប្តាហ៍នេះ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសឥណ្ឌូណេស៊ីដើម្បីធ្វើពិពិធកម្មភាពជាដៃគូថាមពលរបស់ខ្លួន ខណៈដែលរក្សាបាននូវគោលនយោបាយការបរទេសមិនចូលបក្សសម្ព័ន្ធជាប្រពៃណីរបស់ខ្លួន។
គោលដៅរបស់ក្រសួងថាមពល និងធនធានរ៉ែ គឺដើម្បីបង្កើនផលិតកម្មប្រេងជាតិឱ្យបានដល់ ៦០៥.០០០បារ៉ែលក្នុងមួយថ្ងៃនៅត្រឹមចុងឆ្នាំនេះ ដែលនឹងពាក់ព័ន្ធទៅនឹងដំណើរការឡើងវិញនូវអណ្តូងប្រេងដែលអសកម្មរបស់ខ្លួន។
ក្នុងចំណោមអណ្តូងប្រេងដែលត្រូវបានប៉ាន់ស្មានថាមានចំនួន៣៩.០០០កន្លែងនៅទូទាំងប្រទេសឥណ្ឌូណេស៊ី មានតែប្រហែល ១៦.០០០ទៅ ១៧.០០០កន្លែងប៉ុណ្ណោះដែលកំពុងដំណើរការ។
ទាក់ទងនឹងថាមពលនុយក្លេអ៊ែរ ឥណ្ឌូណេស៊ីមានគោលបំណងចាប់ផ្តើមផលិតថាមពលនុយក្លេអ៊ែរនៅត្រឹមឆ្នាំ២០៣៤ ជាមួយនឹងផែនទីបង្ហាញផ្លូវរបស់រដ្ឋាភិបាលរួចហើយដើម្បីអភិវឌ្ឍន៍រ៉េអាក់ទ័រម៉ូឌុលខ្នាតតូច(SMRs) ដែលមានសមត្ថភាពផលិតថាមពលចាប់ពី ៣០០ ទៅ ៥០០មេហ្គាវ៉ាត់។
លោករដ្ឋមន្ត្រីរូបនេះបានបង្ហើបឱ្យដឹងថា ប្រទេសរុស្ស៊ី និងកាណាដាស្ថិតក្នុងចំណោមប្រជាជាតិដែលបានបង្ហាញជាផ្លូវការនូវចំណាប់អារម្មណ៍ក្នុងការចូលរួមក្នុងគម្រោងនេះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





