អាស៊ានបង្កើនការប្រយុទ្ធប្រឆាំងភេរវកម្មក្នុងយុគសម័យឌីជីថល
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ -- មជ្ឈមណ្ឌលប្រឆាំងអំពើភេរវកម្មប្រចាំតំបន់អាស៊ីអាគ្នេយ៍ (SEARCCT) ក្រោមក្រសួងការបរទេសម៉ាឡេស៊ី បានបើកសន្និសីទអន្តរជាតិមួយនៅទីក្រុងគូឡាឡាំពួរកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥។
ប្រធានបទស្តីពី «និន្នាការដែលកំពុងកើតមាននៃអំពើភេរវកម្ម និងអំពើជ្រុលនិយមដោយហិង្សា» ព្រឹត្តិការណ៍នេះបានទាក់ទាញអ្នកចូលរួមជាង២០០នាក់មកពីទីភ្នាក់ងារក្នុងស្រុក និងអន្តរជាតិ ដោយបានពិភាក្សាគ្នាអំពីការវិវត្តយ៉ាងឆាប់រហ័សនៃអំពើភេរវកម្ម និងតម្រូវការសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងពិភពលោកកាន់តែខ្លាំង។
ថ្លែងមតិនៅក្នុងពិធីនោះ អគ្គលេខាធិការរងនៃក្រសួងការបរទេសម៉ាឡេស៊ី លោក អាម៉ាដ រ៉ូហ្ស៊ីអាន់ ប៊ីន អាប់ដ៍ ហ្គានី (Ahmad Rozian Bin Abd. Ghani) បានសង្កត់ធ្ងន់ថា សន្និសីទនេះស្របតាមអាទិភាពសន្តិសុខអាស៊ាន ខណៈដែលគូសបញ្ជាក់អំពីតួនាទីត្រួសត្រាយរបស់ម៉ាឡេស៊ីក្នុងការលើកកម្ពស់ស្ថិរភាពក្នុងតំបន់តាមរយៈគំនិតផ្តួចផ្តើមប្រឆាំងអំពើភេរវកម្ម។
សន្និសីទនៅបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អាស៊ានក្នុងការអនុវត្តផែនការសហប្រតិបត្តិការមួយចំនួន ដែលរួមមានទាំងផែនការ PoA-PCRVE សម្រាប់ឆ្នាំ២០១៨-២០២៥ ផែនការសកម្មភាពការងារបាលីសម្រាប់ឆ្នាំ២០១៩-២០២៥ និងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ជាដើម។
សន្និសិទរយៈពេល ៣ថ្ងៃនេះ មានការពិភាក្សាជាក្រុមចំនួន៥ ទៅលើបញ្ហាសំខាន់ៗ និងដែលកំពុងលេចឡើងទាក់ទងនឹងការទប់ស្កាត់ និងប្រឆាំងអំពើជ្រុលនិយមដោយហិង្សា (PCVE) រួមទាំងការវិវត្តនៃក្រុមរ៉ាឌីកាល់សេរីតាមប្រព័ន្ធអនឡាញ ការផ្លាស់ប្តូរបច្ចេកវិទ្យា និងតួនាទីនៃបញ្ញាសិប្បនិមិត្ត(AI) នៅក្នុងអំពើភេរវកម្ម និង PCVE៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





