លោក អឺដូហ្គែន និងលោក ត្រាំ ពិភាក្សាគ្នាអំពីបញ្ហាតំបន់ និងទ្វេភាគី នៅឯកិច្ចប្រជុំកំពូលអង្គការណាតូ
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ -- ប្រធានាធិបតីតួកគី លោក រេសេប តាយយីប អឺដូហ្គែន (Recep Tayyip Erdogan) បានជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃអង្គារនៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅទីក្រុងឡាអេ ជាកន្លែងដែលពួកគេបានពិភាក្សាគ្នាអំពីបញ្ហាក្នុងតំបន់ និងពិភពលោក ក៏ដូចជាទំនាក់ទំនងទ្វេភាគី។
លោកប្រធានាធិបតី អឺដូហ្គែន បានស្វាគមន៍បទឈប់បាញ់រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ដែលសម្រេចបានតាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីអាម៉េរិក លោក ត្រាំ និងបានអំពាវនាវឱ្យមានសន្តិភាពយូរអង្វែង ព្រមទាំងការបញ្ចប់វិបត្តិនៅតំបន់ហ្គាហ្សា និងកិច្ចសន្ទនាស្តីពីបញ្ហាអ៊ុយក្រែន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់នាយកដ្ឋានទំនាក់ទំនងរបស់តួកគី។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំរបស់មេដឹកនាំទាំងពីរ លោកប្រធានាធិបតីអឺដូហ្គែន បានលើកឡើងអំពីសក្តានុពលដ៏រឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកក្នុងវិស័យថាមពល ការវិនិយោគ និងការពារជាតិជាពិសេសបានកត់សម្គាល់ថា ការជំរុញទំនាក់ទំនងអាចជួយឱ្យសម្រេចបាននូវគោលដៅពាណិជ្ជកម្មដែលមានតម្លៃ ១០០ពាន់លានដុល្លារអាម៉េរិក។
ទាំងលោកប្រធានាធិបតី អឺដូហ្គែន និងលោក ត្រាំ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការពង្រឹងសមត្ថភាពរបស់អង្គការណាតូក្នុងនាមជាសម្ព័ន្ធមិត្តនាំមុខគេ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





