លោក ដូណាល់ ត្រាំ៖ អ៊ីស្រាអែល និងអ៊ីរ៉ង់ចង់បញ្ចប់សង្រ្គាមដោយស្មើភាពគ្នា
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ -- ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយកាលពីពេលថ្មីៗនេះថាអ៊ីស្រាអែល និងអ៊ីរ៉ង់ចង់បញ្ចប់សង្រ្គាម ខណៈដែលលោកបានទាមទារឱ្យមានឥណទានសម្រាប់ការបំផ្លាញរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ មុនពេលបញ្ឈប់ជម្លោះ។
លោកបានសរសេរនៅលើបណ្តាញសង្គម Truth Social ថា «ទាំងអ៊ីស្រាអែល និងអ៊ីរ៉ង់ចង់បញ្ឈប់សង្គ្រាមដោយស្មើភាពគ្នា! វាជាកិត្តិយសដ៏អស្ចារ្យរបស់ខ្ញុំក្នុងការកម្ទេចគ្រឿងបរិក្ខារ និងសមត្ថភាពនុយក្លេអ៊ែរទាំងអស់ហើយបន្ទាប់មក គឺបញ្ឈប់សង្រ្គាម»។
អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសទៅលើទីតាំងជាច្រើននៅទូទាំងប្រទេសអ៊ីរ៉ង់ចាប់ពីថ្ងៃទី១៣ ខែមិថុនា រួមទាំងកន្លែងយោធា និងនុយក្លេអ៊ែរ ដោយចោទប្រកាន់ថា ទីក្រុងតេអេរ៉ង់ជិតដល់ពេលផលិតគ្រាប់បែកនុយក្លេអ៊ែរ ដែលជាការអះអាងមួយដែលត្រូវបានបដិសេធយ៉ាងខ្លាំងក្លាដោយអ៊ីរ៉ង់។
ខណៈដែលអ៊ីរ៉ង់បានបាញ់គ្រាប់មីស៊ីលសងសឹក និងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (ដ្រូន) សហរដ្ឋអាមេរិកបានចូលរួមនៅក្នុងជម្លោះនោះដោយការទម្លាក់គ្រាប់បែកទៅលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួនបីរបស់អ៊ីរ៉ង់កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។
បន្ទាប់ពីការប្រយុទ្ធគ្នាអស់រយៈពេល ១២ថ្ងៃកន្លងមករវាងសត្រូវទាំងពីរលោក ដូណាល់ ត្រាំ បានប្រកាសកាលពីពាក់កណ្តាលអាធ្រាតថ្ងៃចន្ទនូវបទឈប់បាញ់រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ដើម្បីបញ្ចប់ជម្លោះរបស់ពួកគេ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





