ចិនជំរុញឱ្យមានបទឈប់បាញ់ និងកិច្ចពិភាក្សាអំពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់នៅអង្គការសហប្រជាជាតិ
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ -- បេសកជនរបស់ប្រទេសចិនប្រចាំអង្គការសហប្រជាជាតិ បានថ្កោលទោសចំពោះការវាយប្រហារយោធានាពេលថ្មីៗនេះរបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកទៅលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដោយបានហៅសកម្មភាពទាំងនោះថាជាការរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ និងជាការរំលោភលើអធិបតេយ្យភាពរបស់អ៊ីរ៉ង់។
លោក ហ្វូ កុង (Fu Cong) តំណាងអចិន្ត្រៃយ៍របស់ប្រទេសចិនប្រចាំអង្គការសហប្រជាជាតិបានព្រមានថា ការវាយប្រហារទៅលើទីតាំងនុយក្លេអ៊ែរក្រោមការការពាររបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ ជាការបង្កើតគំរូដ៏គ្រោះថ្នាក់ និងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់របបមិនរីកសាយភាយអន្តរជាតិ។
លោក ហ្វូ បាននិយាយថា «សកម្មភាពទាំងនោះក៏បានធ្វើឱ្យខូចខាតដល់កិច្ចខិតខំប្រឹងប្រែងការទូតដើម្បីដោះស្រាយបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ និងបានបង្កើតភាពមិនប្រាកដប្រជាក្នុងការអនុវត្តដំណោះស្រាយលេខ២២៣១របស់ក្រុមប្រឹក្សាសន្តិសុខផងដែរ។ ប្រទេសចិនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវិវឌ្ឍនេះ»។
លោកឯកអគ្គរដ្ឋទូតបាននិយាយថា «ប្រទេសចិនជំរុញឱ្យបណ្តាប្រទេសនៃក្រុមប្រឹក្សាសន្តិសុខប្រឈមមុខនឹងការពិតជាមូលដ្ឋាន ដែលថាគឺសហរដ្ឋអាមេរិកជាអ្នកដែលបានបង្កឱ្យមានវិបត្តិនុយក្លេអ៊ែរអ៊ីរ៉ង់នាពេលបច្ចុប្បន្ន»។
លោក ហ្វូ បាននិយាយថា នៅក្នុងឆ្នាំ២០១៨ សហរដ្ឋអាមេរិកបានដកខ្លួនចេញជាឯកតោភាគីពីផែនការសកម្មភាពរួម និងបន្តបង្កើនទណ្ឌកម្មជាឯកតោភាគីប្រឆាំងនឹងអ៊ីរ៉ង់ និងដាក់វិធានការសម្ពាធជាអតិបរមាដែលរារាំងអ៊ីរ៉ង់ពីការទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចដែលបានសន្យាក្រោមកិច្ចព្រមព្រៀង។
លោក ហ្វូ បាននិយាយថា លោកបានកត់សម្គាល់ថា សហរដ្ឋអាមេរិបានធ្វើឱ្យខូចខាតដល់ភាពជឿជាក់របស់ខ្លួនបន្ថែមទៀត ដោយបើកការវាយប្រហារយោធាទៅលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ព្រមទាំងធ្វើឱ្យខូចខាតដល់ដំណើរការនៃកិច្ចចរចាររបស់ខ្លួន និងបង្កើនភាពតានតឹងក្នុងតំបន់។
លោកបាននិយាយបន្ថែមថា «ភាពស្មោះត្រង់របស់អ៊ីរ៉ង់ក្នុងការដោះស្រាយបញ្ហានុយក្លេអ៊ែរគួរតែត្រូវបានទទួលស្គាល់យ៉ាងត្រឹមត្រូវដោយអ៊ីរ៉ង់នៅតែបន្តបំពេញកាតព្វកិច្ចមិនរីកសាយភាយរបស់ខ្លួន និងអនុវត្តកិច្ចព្រមព្រៀងការពារដ៏ទូលំទូលាយរបស់ខ្លួន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





