ពាណិជ្ជកម្មរវាងចិន និងអាហ្រ្វិកមានការរីកចម្រើនក្នុងយុគសម័យមាស
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ -- ប្រទេសចិន និងអាហ្រ្វិកសម្រេចបាននូវកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើននៅដើមខែនេះហើយគម្រោងដែលត្រូវបានចុះហត្ថលេខាទាំងនោះត្រូវបានគេរំពឹងថានឹងជួយដល់ទ្វីបអាហ្រ្វិកក្នុងការជំរុញការអភិវឌ្ឍបៃតង ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការផ្លាស់ប្តូរឧស្សាហកម្ម និងការជំរុញកំណើនសេដ្ឋកិច្ចរបស់ទ្វីប។
រដ្ឋាភិបាលខេត្តហ៊ូណាន និងក្រសួងពាណិជ្ជកម្ម ដែលជាអ្នករៀបចំពិព័រណ៌សេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អាហ្រ្វិកលើកទី៤ ក្នុងទីក្រុងឆាងសា បាននិយាយថា ភាគីទាំងពីរបានចុះហត្ថលេខាលើគម្រោងចំនួន១៧៦ នៅឯពិធីពិព័រណ៍នោះ ដែលមានតម្លៃសរុប ១១,៣៩ពាន់លានដុល្លារអាម៉េរិក។ពិព័រណ៍នេះបានបញ្ចប់កាលពីពាក់កណ្តាលខែមិថុនាកន្លងទៅ។
បើប្រៀបធៀបទៅនឹងកម្មវិធីពិព័រណ៍លើកមុន ចំនួនគម្រោងដែលត្រូវបានចុះហត្ថលេខាបានកើនឡើង ៤៥,៨% ពីមួយឆ្នាំទៅមួយឆ្នាំ ហើយតម្លៃសរុបនៃគម្រោងដែលបានចុះហត្ថលេខាបានកើនឡើង ១០,៦%។ អ្នករៀបចំបាននិយាយថា បណ្តាក្រុមហ៊ុនក្នុងស្រុក និងនៅអាហ្រ្វិកជាង៤.៧០០ក្រុមហ៊ុន ក៏ដូចជាសមាគមធុរកិច្ច និងស្ថាប័នហិរញ្ញវត្ថុ បានចូលរួមក្នុងព្រឹត្តិការណ៍នោះ ជាមួយនឹងទំហំរបស់វាឈានដល់កម្រិតខ្ពស់ថ្មីមួយនៅក្នុងឆ្នាំនេះ។
នៅឯពន្លាតាំងផលិតផលផ្សេងៗនៅឯពិធីពិព័រណ៍នោះ ផលិតផលអាហារឆ្ងាញ់ៗរបស់អាហ្វ្រិក ដូចជាផលិតផលកសិកម្ម និងម្ហូបអាហារគ្រឿងសម្អាង សម្លៀកបំពាក់ និងគ្រឿងអលង្ការដ៏ស្រស់បំព្រងត្រូវបានដាក់តាំងបង្ហាញរួមជាមួយនឹងផលិតផលរបស់ចិនមួយចំនួន ដូចជា ឧបករណ៍វេជ្ជសាស្ត្រ គ្រឿងចក្រវិស្វកម្ម និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ដែលបង្ហាញពីទិដ្ឋភាពដ៏ខ្លាំងក្លានៃកំណើនពាណិជ្ជកម្មចិន-អាហ្វ្រិក។
ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ទ្វីបអាហ្រ្វិកអស់រយៈពេល ១៦ឆ្នាំជាប់ៗគ្នា។ ក្រសួងពាណិជ្ជកម្មចិន បាននិយាយថា កាលពីឆ្នាំមុន ពាណិជ្ជកម្មទ្វេភាគីបានឈានដល់តម្លៃ ២៩៥,៦ពាន់លានដុល្លារអាម៉េរិក ដែលកើនឡើង ៤,៨% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលជាកំណត់ត្រាខ្ពស់សម្រាប់ឆ្នាំទី៤ ជាប់ៗគ្នា។
រដ្ឋបាលទូទៅគយបាននិយាយថា ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំនេះការនាំចូល និងនាំចេញរបស់ចិនជាមួយទ្វីបអាហ្រ្វិកមានតម្លៃ ៩៦៣,២១ពាន់លានយន់ (១៣៤,២ពាន់លានដុល្លារអាម៉េរិក) ដែលកើនឡើង ១២,៤% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលឈានដល់កម្រិតខ្ពស់ថ្មីមួយជាប្រវត្តិសាស្ត្រសម្រាប់រយៈពេលដូចគ្នា ។
រដ្ឋមន្ត្រីការបរទេស និងជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន លោក វ៉ាង យី (Wang Yi) បាននិយាយនៅក្នុងពិធីបើកពិព័រណ៍នោះថា «ប្រទេសចិននឹងជួយដល់ទ្វីបអាហ្វ្រិកក្នុងការលើកកម្ពស់ឧស្សាហូបនីយកម្ម និងការផ្លាស់ប្តូរឌីជីថលហើយយកកិច្ចសហប្រតិបត្តិការចិន-អាហ្រ្វិកទៅកាន់កម្រិតកាន់តែខ្ពស់ស៊ីជម្រៅ និងទូលំទូលាយជាងមុន»។
លោក វ៉ាង បាននិយាយថា «មិនថាស្ថានភាពពិភពលោកផ្លាស់ប្តូរយ៉ាងណានោះទេ ប្រទេសចិននៅនឹងតែឈរយ៉ាងរឹងមាំជាមួយទ្វីបអាហ្រ្វិកនិងផ្តល់ការគាំទ្រយ៉ាងរឹងមាំសម្រាប់ទំនើបកម្មនៃទ្វីបអាហ្រ្វិក»។
ជាពិសេស កិច្ចសហប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធ គឺជាវិស័យដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។ក្នុងអំឡុងពេលពិព័រណ៍នោះ កិច្ចព្រមព្រៀងចំនួន២៨ ត្រូវបានចុះហត្ថលេខានៅក្នុងព្រឹត្តិការណ៍មួយ ហើយចំនួនសរុបនៃគម្រោងដែលបានចុះហត្ថលេខាឈានដល់តម្លៃ ៥,២៧ពាន់លានដុល្លារអាម៉េរិក ដែលពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងក្នុងការដឹកជញ្ជូន ថាមពល ទំនាក់ទំនង ការអភិរក្សទឹកឧស្សាហកម្ម និងកសិកម្មរវាងប្រទេសចិន និងបណ្តាប្រទេសជាច្រើននៅអាហ្វ្រិក៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





