ទំនាក់ទំនងចិន-សិង្ហបុរីកាន់តែរីកចម្រើន និងបង្កើតផ្លែផ្កាកាន់តែច្រើន
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ -- ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានអំពាវនាវដល់ប្រទេសចិន និងសិង្ហបុរីក្នុងការទាញយកបទពិសោធន៍ពីដំណើរការនៃការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី និងប្រពៃណីដ៏ល្អ ដើម្បីធ្វើឱ្យមិត្តភាពរវាងចិន និងសិង្ហបុរី កាន់តែមានភាពរីកចម្រើន និងបង្កើតផ្លែផ្កាបន្ថែមទៀត។
លោក ស៊ី បានធ្វើការកត់សម្គាល់ខាងលើនេះនៅពេលជួបជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក ឡរេនស៍ វ៉ុង (Lawrence Wong) នៅវិមានមហាសាលប្រជាជនចិនក្នុងទីក្រុងប៉េកាំង។ ដំណើរទស្សនកិច្ចរយៈពេល ៥ថ្ងៃដែលចាប់ផ្តើមកាលពីថ្ងៃអាទិត្យនោះ គឺជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោក វ៉ុង ទៅកាន់ប្រទេសចិនក្នុងតួនាទីជានាយករដ្ឋមន្រ្តីរបស់លោកនាពេលបច្ចុប្បន្ន ហើយវាក៏ជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រទេសក្រៅពីអាស៊ានផងដែរ ចាប់តាំងពីការចាប់ផ្តើមអាណត្តិទីពីររបស់លោកកាលពីខែមុនមក។
ឆ្នាំនេះ គឺជាខួបលើកទី៣៥ ដែលប្រទេសចិន និងប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះបានបង្កើតទំនាក់ទំនងការទូត។
លោក ស៊ី បាននិយាយថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបានដើរស្របទៅនឹងអាទិភាពនៃការអភិវឌ្ឍរបស់ប្រទេសចិនក្នុងដំណាក់កាលផ្សេងៗ ដែលផ្តល់លទ្ធផលយ៉ាងច្រើន ដូចជាសួនឧស្សាហកម្មស៊ូចូវ នៅក្នុងខេត្តជាំងស៊ូ ដែលរួមចំណែកយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹងប្រែងទំនើបកម្មរបស់ប្រទេសនីមួយៗ និងកំណត់ជាគោលសម្រាប់កិច្ចសហប្រតិបត្តិការក្នុងចំណោមប្រជាជាតិក្នុងតំបន់។
ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់សិង្ហបុរីក្នុងរយៈពេល១១ឆ្នាំជាប់ៗគ្នាចាប់តាំងពីឆ្នាំ២០១៣ មក ខណៈដែលសិង្ហបុរី គឺជាដៃគូពាណិជ្ជកម្មធំលំដាប់ទី៥ របស់ប្រទេសចិននៅក្នុងតំបន់អាស៊ាន។ កាលពីឆ្នាំមុន ពាណិជ្ជកម្មទ្វេភាគីបានកើនឡើង ២,៦% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលឈានដល់តម្លៃ ១១១,១១ពាន់លានដុល្លារអាម៉េរិក។ នេះបើយោងតាមក្រសួងការបរទេសចិនបានចេញផ្សាយ។
លោក ស៊ី បានសង្កត់ធ្ងន់ថា ប្រទេសចិន និងសិង្ហបុរីគួរតែចាប់យកឱ្យបានយ៉ាងម៉ឺងម៉ាត់នូវទិសដៅនៃមិត្តភាពទ្វេភាគី ហើយបន្តសង្កេត និងអភិវឌ្ឍន៍ទំនាក់ទំនងចិន-សិង្ហបុរី ពីកម្ពស់ជាយុទ្ធសាស្ត្រ និងទស្សនវិស័យរយៈពេលវែង ដូច្នេះដើម្បីធានាឱ្យទំនាក់ទំនងរបស់ពួកគេបន្តដំណើរទៅមុខ និងរក្សាសន្ទុះបានយ៉ាងល្អប្រសើរ។
លោកបាននិយាយថា ភាគីទាំងពីរគួរតែពង្រឹងមូលដ្ឋានគ្រឹះនយោបាយនៃមិត្តភាពរវាងចិន និងសិង្ហបុរី គាំទ្រផលប្រយោជន៍ស្នូល និងកង្វល់របស់គ្នាទៅវិញទៅមក ព្រមទាំងបង្កើនការជឿទុកចិត្តគ្នាផ្នែកនយោបាយដើម្បីបម្រើដល់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





