មេដឹកនាំកងទ័ពអាកាសកូរ៉េខាងត្បូង និងប៉ូឡូញពិភាក្សាអំពីកិច្ចសហប្រតិបត្តិការផ្នែកសព្វាវុធ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ -- កងទ័ពអាកាសកូរ៉េខាងត្បូងបាននិយាយថា មេទ័ពអាកាសកូរ៉េខាងត្បូង និងប៉ូឡូញបានជួបប្រជុំគ្នាកាលពីថ្ងៃអង្គារ ដើម្បីពិភាក្សាអំពីវិធីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងអាវុធរបស់ពួកគេ បន្ទាប់ពីការទិញយន្តហោះចម្បាំងរបស់ប្រទេសកូរ៉េខាងត្បូងនៅតំបន់ Warsaw ។
យោងតាមកងកម្លាំងប្រដាប់អាវុធបានឱ្យដឹងថា អគ្គសេនាធិការកងទ័ពអាកាស លោក លី យ៉ុងស៊ូ (Lee Young-su) និងលោក អ៊ីរេនូសហ្ស៍ ណូវ៉ាក់ (Ireneusz Nowak) អធិការនៃកងទ័ពអាកាសប៉ូឡូញ បានជួបពិភាក្សាគ្នានៅការិយាល័យរបស់លោក លី ក្នុងទីក្រុង Gyeryong មានចម្ងាយប្រហែល ១៤០គីឡូម៉ែត្រភាគខាងត្បូងទីក្រុងសេអ៊ូល។
លោក លី បាននិយាយថា «តាមរយៈកិច្ចពិភាក្សា យើងអាចពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងកងកម្លាំងរបស់យើង ដូចជាការចែករំលែកចំណេះដឹងប្រតិបត្តិការនៃយន្តហោះចម្បាំង FA-50 និងការពិភាក្សាអំពីវិធីដើម្បីបង្កើនការផ្លាស់ប្តូរបុគ្គលិក» ។
កិច្ចពិភាក្សានេះបានកើតឡើងនៅពេលដែលលោក ណូវ៉ាក់ បានធ្វើដំណើរមកដល់ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃចន្ទ សម្រាប់ដំណើរទស្សនកិច្ចរយៈពេល ៦ថ្ងៃដែលនឹងនាំលោកទៅកាន់អង្គភាព1st Fighter Wing របស់កងទ័ពអាកាស ជាកន្លែងដែលអាកាសយានិកប៉ូឡូញកំពុងហ្វឹកហាត់ និងក្រុមហ៊ុនការពារជាតិកូរ៉េខាងត្បូង Korea Aerospace Industries (KAI) Co.
ដំណើរទស្សនកិច្ចរបស់លោក ណូវ៉ាក់ នឹងទៅទស្សនាក្រុមហ៊ុន KAI សម្រាប់ការហោះហើរសាកល្បងលើយន្តហោះចម្បាំង KF-21 ហើយជួបពិភាក្សាជាមួយប្រធានទីភ្នាក់ងារលទ្ធកម្មអាវុធរដ្ឋ និងប្រធានក្រុមហ៊ុនKAI អំពីវិធានការតាមដានសម្រាប់កិច្ចព្រមព្រៀងលើយន្តហោះចម្បាំងFA-50 ។
នៅឆ្នាំ២០២២ ប្រទេសប៉ូឡូញបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន KAI ដើម្បីទទួលបានយន្តហោះចម្បាំង FA-50 ចំនួន៤៨គ្រឿង។ កងទ័ពអាកាសរបស់ប្រទេសបានដាក់ពង្រាយយន្តហោះចម្បាំងFA-50GF ចំនួន ១២គ្រឿងគិតត្រឹមឆ្នាំ២០២៤ ហើយគ្រោងនឹងដាក់ពង្រាយបន្ថែមនូវយន្តហោះចម្បាំង FA-50PL ចំនួន ៣៦គ្រឿងជាដំណាក់កាល៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





