មនុស្ស ៣នាក់បានស្លាប់ក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលទៅលើប្រទេសលីបង់ភាគខាងត្បូង
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ -- យោងតាមប្រភពផ្លូវការ និងសន្តិសុខបានឱ្យដឹងថា សមាជិក ៣នាក់នៃគ្រួសារតែមួយត្រូវបានសម្លាប់កាលពីថ្ងៃអង្គារនៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់។
ទីភ្នាក់ងារសារព័ត៌មានជាតិផ្លូវការរបស់ប្រទេសលីបង់បានរាយការណ៍ថា យន្តហោះគ្មានមនុស្សបើកបានកំណត់គោលដៅលើរថយន្តស៊ីវិលជាមួយនឹងមីស៊ីលចំនួនពីរគ្រាប់នៅលើផ្លូវ Nabatieh-Kfar Dajjal ក្នុងសង្កាត់ណាបាទីហ៍ ដោយបានដុតបំផ្លាញរថយន្ដនោះ។
មជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ផ្នែកសុខភាពសាធារណៈនៃក្រសួងសុខាភិបាលបានបញ្ជាក់ថា មនុស្ស ៣នាក់បានស្លាប់ក្នុងហេតុការណ៍នោះ។ ប្រភពសន្តិសុខលីបង់បានប្រាប់សារព័ត៌មាន Xinhua ថាជនរងគ្រោះគឺ លោក ហាច ហៃថាម បាគ្រី (Hajj Haitham Bakri) ដែលធ្វើការផ្នែកប្តូរប្រាក់ និងកូនប្រុស ២នាក់របស់លោក។
យោងតាមសាក្សី និងប្រភពសន្តិសុខ បានឱ្យដឹងថា យន្តហោះចម្បាំងអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសប្រហែល ២០លើកក្នុងរយៈពេលតិចជាង ១៥នាទីកាលពីរសៀលថ្ងៃច័ន្ទ ដោយផ្តោតលើទីតាំងរបស់ក្រុមហេបូឡាហ៍ ភាគខាងជើងនៃទន្លេលីតានី។
ការវិវឌ្ឍទាំងនេះកើតមានឡើង បើទោះបីជាមានកិច្ចព្រមព្រៀងឈប់បាញ់គ្នារវាងក្រុមហេសបូឡាហ៍ និងអ៊ីស្រាអែលដែលមានតាំងពីថ្ងៃទី២៧ខែវិច្ឆិកា ឆ្នាំ២០២៤ ក៏ដោយ។ កិច្ចព្រមព្រៀងបានបញ្ចប់ជាងមួយឆ្នាំនៃការប៉ះទង្គិចគ្នាឆ្លងព្រំដែនដែលបង្កឡើងដោយសង្រ្គាមនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។
យោធាអ៊ីស្រាអែលបានបន្តធ្វើការវាយប្រហារជាបន្តបន្ទាប់ក្នុងប្រទេសលីបង់ ដោយអះអាងថាពួកគេមានគោលបំណងដើម្បីបន្សាប «ការគំរាមកំហែងរបស់ក្រុមហេសបូឡាហ៍»៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





