អ៊ីរ៉ាក់បើកដែនអាកាសឡើងវិញសម្រាប់ចរាចរណ៍ដែនអាកាសអន្តរជាតិ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ -- អាជ្ញាធរអាកាសចរណ៍ស៊ីវិលអ៊ីរ៉ាក់ (ICAA) បានប្រកាសកាលពីព្រឹកថ្ងៃអង្គារថា ខ្លួនបានបើកដែនអាកាសរបស់ខ្លួនឡើងវិញចំពោះចរាចរណ៍ផ្លូវអាកាសអន្តរជាតិ ដោយលើកឡើងពីលក្ខខណ្ឌសន្តិសុខប្រសើរឡើង បន្ទាប់ពីជម្លោះអ៊ីស្រាអែលនិងអ៊ីរ៉ង់ជាច្រើនថ្ងៃ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ អាជ្ញាធរ ICAA បាននិយាយថាការសម្រេចចិត្តនេះបានធ្វើឡើងតាម «ការវាយតម្លៃដ៏ទូលំទូលាយនៃស្ថានភាពសន្តិសុខ និងការសម្របសម្រួលជាមួយអាជ្ញាធរជាតិ និងអន្តរជាតិដែលពាក់ព័ន្ធ» ។
សេចក្តីថ្លែងការណ៍បានដកស្រង់សម្តីប្រធានអាជ្ញាធរ ICAA លោកបានជីន រ៉េកានី (Bangin Rekani) ថា ការសម្រេចចិត្តនេះគឺផ្អែកលើលក្ខខណ្ឌសន្តិសុខដែលប្រសើរឡើង និងសមត្ថភាពរបស់ប្រទេសអ៊ីរ៉ាក់ក្នុងការធានាបាននូវស្តង់ដារខ្ពស់បំផុតនៃសុវត្ថិភាព និងការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសសម្រាប់យន្តហោះ។
លោកបានបន្ថែមថា ការបើកដែនអាកាសអ៊ីរ៉ាក់ឡើងវិញនឹងលើកកម្ពស់ទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្ររបស់ប្រទេសអ៊ីរ៉ាក់ជាច្រកផ្លូវអាកាសដែលតភ្ជាប់ពីតំបន់បូព៌ា និងភាគខាងលិច ហើយនឹងជួយកាត់បន្ថយពេលវេលាហោះហើរ និងថ្លៃប្រេងឥន្ធនៈសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ពិភពលោក។
ប្រទេសអ៊ីរ៉ាក់បានបិទដែនអាកាសរបស់ខ្លួនចំពោះចរាចរណ៍ផ្លូវអាកាសអន្តរជាតិ បន្ទាប់ពីការផ្ទុះឡើងនៃជម្លោះអ៊ីស្រាអែល និងអ៊ីរ៉ង់កាលពីថ្ងៃទី១៣ខែមិថុនា៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





