ស្លូវេនីពង្រីកការគ្រប់គ្រងព្រំដែនជាមួយប្រទេសក្រូអាត និងហុងគ្រី ចំពេលមានការព្រួយបារម្ភផ្នែកសន្តិសុខ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ -- រដ្ឋាភិបាលស្លូវេនីបានប្រកាសកាលពីថ្ងៃអាទិត្យថា ខ្លួនកំពុងពង្រីកការគ្រប់គ្រងបណ្តោះអាសន្ននៅលើព្រំដែនតំបន់ Schengen របស់ខ្លួនជាមួយប្រទេសក្រូអាត និងហុងគ្រីសម្រាប់រយៈពេលប្រាំមួយខែទៀត ដោយលើកឡើងពីការព្រួយបារម្ភផ្នែកសន្តិសុខដែលកើនឡើង រួមទាំងការគំរាមកំហែងនៃអំពើភេរវកម្ម។
រដ្ឋមន្ត្រីមហាផ្ទៃស្លូវេនី លោក បូសចេន ប៉ុកលូការ (Bostjan Poklukar) បាននិយាយថា ការផ្លាស់ប្តូរនេះត្រូវបានជំរុញដោយស្ថានភាពសន្តិសុខកាន់តែអាក្រក់នៅតំបន់មជ្ឈិមបូព៌ា ជម្លោះដែលកំពុងបន្តនៅអ៊ុយក្រែន «ស្ថានភាពស្មុគស្មាញ» នៅតំបន់បាល់កង់ភាគខាងលិច និងការគំរាមកំហែងភេរវកម្មកើនឡើងនៅទូទាំងបណ្តាប្រទេសសហភាពអឺរ៉ុបមួយចំនួន។
លោកបានកត់សម្គាល់ថា លក្ខខណ្ឌសន្តិសុខក្នុងតំបន់ទាំងនេះបានធ្លាក់ចុះចាប់តាំងពីការពន្យារពេលចុងក្រោយនៃការត្រួតពិនិត្យព្រំដែន។
ទោះបីជាមានការពន្យារពេលក៏ដោយ រដ្ឋាភិបាលបានធានាដល់សាធារណជនថា វិធានការបន្ថែមនឹងមិនរំខានដល់ការធ្វើដំណើរក្នុងរដូវវិស្សមកាលរដូវក្តៅខាងមុខនេះទេ ព្រោះមានតែការត្រួតពិនិត្យតាមគោលដៅប៉ុណ្ណោះដែលនឹងត្រូវបានអនុវត្តន៍។
នៅខែតុលា ឆ្នាំ២០២៣ ប្រទេសស្លូវេនីបានណែនាំការគ្រប់គ្រងព្រំដែនភ្លាមៗបន្ទាប់ពីប្រទេសអ៊ីតាលីបានដាក់ការត្រួតពិនិត្យស្រដៀងគ្នានៅលើព្រំដែនរបស់ខ្លួនជាមួយប្រទេសស្លូវេនី។ ប្រទេសទាំងពីរបានបន្តវិធានការនេះជាច្រើនដងមកហើយ។
យោងតាមអាជ្ញាធរស្លូវេនីបានឱ្យដឹងថា ការឆ្លងកាត់ព្រំដែនខុសច្បាប់ចំនួន ៥.៧៨១លើក ត្រូវបានកត់ត្រាក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំ២០២៥ ដែលតំណាងឱ្យការថយចុះជិត ៦០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ពាក្យស្នើសុំការពារអន្តរជាតិក៏បានធ្លាក់ចុះជិត ៥០% ក្នុងអំឡុងពេលដូចគ្នានេះ។
បន្ថែមពីលើព្រំដែនប្រទេសស្លូវេនី និងអ៊ីតាលី ប្រទេសក្នុងតំបន់ Schengen មួយចំនួនទៀត រួមមាន អូទ្រីស អាល្លឺម៉ង់ ដាណឺម៉ាក បារាំង ន័រវេស និងស៊ុយអែត កំពុងអនុវត្តការត្រួតពិនិត្យព្រំដែនផងដែរ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





