អាល់ហ្សេរីថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ -- យោងតាមសេចក្តីថ្លែងការណ៍ដែលចេញដោយក្រសួងការបរទេសអាល់ហ្សេរី បានឱ្យដឹងថា ប្រទេសអាល់ហ្សេរីបានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារតាមអាកាសចុងក្រោយរបស់សហរដ្ឋអាមេរិកទៅលើរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ ដោយព្រមានពីផលវិបាកធ្ងន់ធ្ងរចំពោះស្ថិរភាពក្នុងតំបន់។
ប្រទេសអាល់ហ្សេរីបានសម្តែង «ការព្រួយបារម្ភយ៉ាងខ្លាំង» និង «ការសោកស្តាយយ៉ាងជ្រាលជ្រៅ» លើការកើនឡើងបន្ទាប់ពីការទម្លាក់គ្រាប់បែកលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ដោយប្រទេសនេះបានពិពណ៌នាអំពីអន្តរាគមន៍យោធាថាជា «ការមិនយកចិត្តទុកដាក់ចំពោះការអំពាវនាវជាអន្តរជាតិម្តងហើយម្តងទៀតសម្រាប់បទឈប់បាញ់ និងការចរចាការទូត»។
ប្រទេសអាល់ហ្សេរីបានព្រមានបន្ថែមទៀតថា ការកើនឡើងហានិភ័យនេះធ្វើឱ្យតំបន់ទាំងមូលធ្លាក់ចូលទៅក្នុង «គ្រោះថ្នាក់ដែលមិនធ្លាប់មានពីមុនមកជាមួយនឹងផលវិបាកដែលមិនអាចទាយទុកជាមុនបាន» ដោយប្រទេសនេះអំពាវនាវឱ្យមានដំណោះស្រាយដោយសន្តិវិធីចំពោះបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់។
ក្រសួងបានសង្កត់ធ្ងន់ដោយបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសអាល់ហ្សេរីចំពោះគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិថាជាមូលដ្ឋានគ្រឹះតែមួយគត់សម្រាប់សន្តិភាពប្រកបដោយនិរន្តរភាព ហើយ «អាទិភាពត្រូវតែជាការវិលត្រឡប់ទៅកាន់កិច្ចសន្ទនាភ្លាមៗ»។
ការវាយប្រហាររបស់សហរដ្ឋអាមេរិកបានធ្វើឡើងបន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលបានចាប់ផ្តើមតាំងពីថ្ងៃទី១៣ ខែមិថុនា លើគោលដៅផ្សេងៗក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងទីតាំងនុយក្លេអ៊ែរ និងយោធា ដោយបានសម្លាប់មេបញ្ជាការជាន់ខ្ពស់ជាច្រើននាក់ អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ និងជនស៊ីវិល៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





