ចិនអំពាវនាវឱ្យមានការបន្ថយភាពតានតឹងនៃជម្លោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ -- អ្នកនាំពាក្យក្រសួងការបរទេសចិន លោក គូ ចៃគុន (Guo Jiakun) បានរំលឹកឡើងវិញនូវការអំពាវនាវរបស់ប្រទេសចិនឱ្យមានការបន្ថយភាពតានតឹងរវាងអ៊ីស្រាអែល អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។
នៅក្នុងសន្និសីទសារព័ត៌មានមួយ អ្នកនាំពាក្យរូបនេះបានសំដៅទៅលើការសម្រេចចិត្តរបស់សភាអ៊ីរ៉ង់ក្នុងការបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវសមុទ្រដ៏សំខាន់សម្រាប់ពាណិជ្ជកម្មពិភពលោក។
លោក គូ បានរំលឹកថា ឈូងសមុទ្រពែក្ស និងដែនទឹកជុំវិញរបស់វា គឺជាបណ្តាញដ៏សំខាន់សម្រាប់ពាណិជ្ជកម្មអន្តរជាតិទៅលើទំនិញ និងថាមពល។
មន្ត្រីរូបនេះបាននិយាយថា ប្រទេសចិនជំរុញសហគមន៍អន្តរជាតិឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីលើកកម្ពស់ការបន្ថយជម្លោះ និងការពារអស្ថិរភាពក្នុងតំបន់។
លោក អ៊ីសមែល គូសសារី (Ismail Koussari) សមាជិកនៃគណៈកម្មាធិការសន្តិសុខជាតិ និងគោលនយោបាយការបរទេសរបស់សភាអ៊ីរ៉ង់ បានប្រកាសកាលពីពេលថ្មីៗនេះថា សភាអ៊ីរ៉ង់កំពុងពិចារណាថា តើចាំបាច់ត្រូវបិទច្រកសមុទ្រ Hormuz ដែរឬក៏យ៉ាងណា ប៉ុន្តែសេចក្តីសម្រេចចុងក្រោយត្រូវតែអនុម័តដោយក្រុមប្រឹក្សាសន្តិសុខជាតិ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ប្រេនសាឡាទីណា)





