នាយករដ្ឋមន្ត្រីចិននឹងចូលរួមកិច្ចប្រជុំរដូវក្តៅដាវ៉ូសឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ -- អ្នកនាំពាក្យក្រសួងការបរទេសចិន លោក គូ ចៃគុន (Guo Jiakun) បានប្រកាសកាលពីថ្ងៃចន្ទថា នាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) នឹងចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី១៦ នៃជើងឯកថ្មី (AMNC) ឬហៅថាកិច្ចបប្រជុំរដូវក្តៅដាវ៉ូស (Summer Davos) នៅទីក្រុងទៀនជីន ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ។
លោក គូ បាននិយាយថា លោកនាយករដ្ឋមន្ត្រី លី ឈាង នឹងចូលរួមកិច្ចប្រជុំពេញអង្គ និងថ្លែងសុន្ទរកថាពិសេស ជួបជាមួយភ្ញៀវបរទេស និងសន្ទនាជាមួយអ្នកតំណាងសហគមន៍ធុរកិច្ចបរទេស។
យោងតាមលោក គូ បានឱ្យដឹងថា ប្រធានាធិបតីអេក្វាឌ័រ លោក ដានីញែល ណូបាវ (Daniel Noboa) នាយករដ្ឋមន្ត្រីសិង្ហបុរី លោក ឡរេនស៍ វ៉ុង (Lawrence Wong) នាយករដ្ឋមន្ត្រីគៀហ្ស៊ីស៊ីស្ថាន លោក អាឌីលបេក អាឡេស្សូវិច កាស៊ីម៉ាលីវ (Adylbek Aleshovich Kasymaliev) នាយករដ្ឋមន្ត្រីសេណេហ្គាល់ លោក អ៊ូសម៉ាណេ សុនកូ (Ousmane Sonko) និងនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មីញជិញ (Pham Minh Chinh) នឹងចូលរួមកិច្ចប្រជុំ AMNC នេះ។
លោក គូ បាននិយាយបន្ថែមថា អ្នកតំណាងជាង ១.៧០០នាក់មកពីសហគមន៍នយោបាយ ធុរកិច្ច ការសិក្សា និងប្រព័ន្ធផ្សព្វផ្សាយជាង ៩០ប្រទេស និងតំបន់ក៏នឹងចូលរួមក្នុងកិច្ចប្រជុំ AMNC នេះផងដែរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





