ទីផ្សារពិភពលោកច្របូកច្របល់បន្ទាប់ពីការវាយប្រហាររបស់អាម៉េរិកទៅលើរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ -- ទីផ្សារពិភពលោកនៅដើមសប្តាហ៍នេះមានភាពច្របូកច្របល់ ខណៈដែលភាពតានតឹងនៅក្នុងជម្លោះអ៊ីរ៉ង់ និងអ៊ីស្រាអែលកាន់តែខ្លាំងឡើង បន្ទាប់ពីសហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកទៅលើរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់កាលពីព្រឹកថ្ងៃសៅរ៍សប្តាហ៍មុន ដោយបង្កើនការភ័យខ្លាចនៃសង្គ្រាមពេញលេញមួយដែលកំពុងកើនឡើង។
ខណៈដែលជម្លោះដែលកំពុងបន្តរវាងអ៊ីរ៉ង់ និងអ៊ីស្រាអ៊ែលបានបន្តក្លាយជាការផ្តោតការយកចិត្តទុកដាក់របស់អ្នកវិនិយោគ សហរដ្ឋអាមេរិកបានបើកការវាយប្រហារតាមអាកាសទៅលើទីតាំងនុយក្លេអ៊ែរចំនួនបីនៅក្នុងប្រទេសអ៊ីរ៉ង់កាលពីចុងសប្តាហ៍មុន គឺរោងចក្រនៅ Fordo, Natanz និង Isfahan ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយកាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា កងកម្លាំងអាម៉េរិកបានបញ្ចប់ការវាយប្រហារតាមអាកាសដោយជោគជ័យខ្លាំងទៅលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួនបី ចំពេលដែលមានការភ័យខ្លាចនៃការបះបោរកាន់តែទូលំទូលាយនៅក្នុងតំបន់។
អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក ជេឌី វេនស៍ (JD Vance) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីការវាយប្រហារថា ទីក្រុងវ៉ាស៊ីនតោនកំពុងស្វែងរកដំណោះស្រាយការទូត មិនមែនបន្តការប្រឈមមុខដាក់គ្នាជាមួយទីក្រុងតេអេរ៉ង់នោះទេ។
ទន្ទឹមនឹងនេះដែរ ក្តីបារម្ភថាច្រកសមុទ្រ Hormuz ដែលអនុញ្ញាតឱ្យផលិតកម្មប្រេង និងឧស្ម័នធម្មជាតិរាវ (LNG) នៅមជ្ឈិមបូព៌ាដឹកជញ្ជូនទៅកាន់ទីផ្សារពិភពលោកតាមរយៈសមុទ្រអូម៉ង់ និងមហាសមុទ្រឥណ្ឌានោះ អាចនឹងត្រូវបានបិទ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អាម៉េរិកប្រឆាំងនឹងអ៊ីរ៉ង់។
ប្រហែលមួយភាគបីនៃប្រេងឆៅដែលដឹកជញ្ជូនតាមសមុទ្រនៅលើពិភពលោកត្រូវឆ្លងកាត់ច្រកសមុទ្រ Hormuz ខណៈដែល ២០% នៃពាណិជ្ជកម្ម LNG ត្រូវបានអនុវត្តតាមរយៈផ្លូវទឹកនេះដែរ។ បណ្តាប្រទេសនៅអាស៊ីជាអ្នកទិញប្រេងដ៏សំខាន់ដែលដឹកជញ្ជូនពីតំបន់នេះ។
ការកត់សម្គាល់របស់មន្ត្រីអ៊ីរ៉ង់ទៅលើបញ្ហានេះត្រូវបានឃ្លាំមើលយ៉ាងដិតដល់ ប៉ុន្តែសភាបានសម្រេចថា ច្រកសមុទ្រ Hormuz គួរតែត្រូវបានបិទ។ នេះបើយោងតាមលោក អេសម៉ាអ៊ែល កូវសារី (Esmaeil Kowsari) សមាជិកនៃគណៈកម្មាធិការសន្តិសុខជាតិរបស់សភាអ៊ីរ៉ង់ បើទោះបីជាការសម្រេចចុងក្រោយជាសមត្ថកិច្ចរបស់ក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់ក៏ដោយ។
នៅសហរដ្ឋអាមេរិក អនាគតផ្សារភាគហ៊ុននៅដើមសប្តាហ៍ថ្មីនេះមានភាពអវិជ្ជមាន បន្ទាប់ពីការវិវត្តនៅមជ្ឈិមបូព៌ាកាលពីចុងសប្តាហ៍មុន។
ខណៈដែលការព្រួយបារម្ភអំពីការផ្គត់ផ្គង់ថាមពលដែលកើតឡើងពីជម្លោះនៅមជ្ឈិមបូព៌ានៅតែបន្តមានប្រសិទ្ធភាព តម្លៃប្រេង Brent នៅដើមសប្តាហ៍ថ្មីនេះ គឺ ៧៦.៨៥ដុល្លារអាម៉េរិកក្នុងមួយបារ៉ែល ដែលកើនឡើង ១,២% គិតត្រឹមម៉ោង 06:05GMT។ ក្នុងពេលជាមួយគ្នានោះដែរ ប្រេងឆៅ West Texas (WTI) ក៏ចាប់ផ្តើមនៅតម្លៃ ៧៥ដុល្លារអាម៉េរិកក្នុងមួយបារ៉ែល ជាមួយនឹងការកើនឡើង ១,៥៤% ផងដែរ។
ម៉្យាងវិញទៀត តម្លៃមាសបច្ចុប្បន្នត្រូវបានលក់ក្នុងតម្លៃ ៣,៣៥៨ដុល្លារអាម៉េរិកក្នុងមួយអោន ដែលធ្លាក់ចុះ ០,៣%។
នៅក្នុងទីផ្សារអ៊ឺរ៉ុប សន្ទស្សន៍អនាគតនៅដើមសប្តាហ៍ថ្មីនេះមានភាពអវិជ្ជមាន ដែលវិនិយោគិនមានការប្រុងប្រយ័ត្នខ្ពស់ ដោយសារបញ្ហាផ្គត់ផ្គង់ថាមពលដែលអាចកើតមាននៅមជ្ឈិមបូព៌ា។
ដោយសារតែការព្រួយបារម្ភចំពោះបញ្ហាជាមួយនឹងការផ្គត់ផ្គង់ថាមពលអាចបង្កើនតម្លៃនៅក្នុងសេដ្ឋកិច្ចអឺរ៉ុប ដែលសកម្មភាពឧស្សាហកម្មផលិតកម្ម និងបញ្ហាកំណើននៅតែមាន វិនិយោគិនកំពុងរក្សាការប្រុងប្រយ័ត្នទៅលើលំហូរព័ត៌មានពីច្រកសមុទ្រ Hormuz។
នៅផ្នែកអាស៊ី ទីផ្សារភាគហ៊ុនក្នុងតំបន់ត្រូវបានរងផលប៉ះពាល់ដោយការយល់ឃើញពីហានិភ័យដែលកើនឡើងដែលនាំមកដោយភាពតានតឹងនៅមជ្ឈិមបូព៌ាដែលកំពុងបន្ត។
បណ្តាប្រទេសនៅអាស៊ីដែលជាផ្នែកដ៏សំខាន់នៃការដឹកជញ្ជូនថាមពលឆ្លងកាត់ច្រកសមុទ្រ Hormuz កំពុងតាមដានយ៉ាងដិតដល់នូវលំហូរព័ត៌មានទាក់ទងនឹងការវិវត្តន៍នៅក្នុងតំបន់។
នៅក្នុងព្រឹត្តិការណ៍នៃកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីរ៉ង់ដែលមានសក្តានុពលក្នុងការបិទច្រកសមុទ្រនោះ វាត្រូវបានគេសង្ឃឹមថាប្រទេសមួយចំនួននឹងអនុវត្តការពិន័យទៅលើកប៉ាល់ដឹកប្រេងជាជាងបិទវាទាំងស្រុង ហើយនាវាដឹកប្រេងរបស់ចិននឹងរងផលប៉ះពាល់តិច៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





