បេឡារុស្សដោះលែងអ្នកទោស ១៤នាក់តាមសំណើរបស់លោក ដូណាល់ ត្រាំ
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ -- លោក ចន ខ័រឡេ (John Coale) អនុប្រធានបេសកជនពិសេសរបស់លោក ឃើត ឃែលឡូក (Keith Kellogg) បាននិយាយនៅលើទព័របណ្តាញសង្គមអ៊ិច (X) របស់លោកថាអាជ្ញាធរបេឡារុស្សបានដោះលែងអ្នកទោសចំនួន ១៤នាក់តាមសំណើរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump)។
លោកបានថ្លែងនៅស្ថានទូតសហរដ្ឋអាមេរិកក្នុងប្រទេសលីទុយអានីថា «យើងទើបតែត្រឡប់មកពីប្រទេសបេឡារុស្សវិញជាមួយនឹងមនុស្ស១៤នាក់ ដែលឥឡូវនេះពួកគេបានរួចផុតពីការឃុំឃាំងហើយ»។ លោក ខ័រឡេ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃប្រទេសនេះសម្រាប់កិច្ចសហប្រតិបត្តិការ និងជំនួយរបស់ខ្លួន។
យោងតាមអ្នកនយោបាយរូបនេះបានឱ្យដឹងថា ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ «បានលើកទឹកចិត្តដល់ដំណើរទស្សនកិច្ចនេះ»។លោក ខ័រឡេ ក៏បានរៀបរាប់ផងដែរថា លោកបានធ្វើដំណើរទៅកាន់ប្រទេសបេឡារុស្សពីមុនមក ហើយបន្ទាប់ពីនោះ ទីក្រុងមីនស្ក៍ បានដោះលែងពលរដ្ឋអាម៉េរិក លោក យូរី ហ្សេនកូវីច (Yuri Zenkovich)។យោងតាមអនុប្រធានបេសកជនពិសេសរបស់លោក ឃែលឡូក បានឱ្យដឹងថា «នៅពេលនេះ មនុស្សចំនួន ១៤នាក់មកពីប្រទេសផ្សេងៗគ្នាត្រូវបានដោះលែង»។
នៅពេលមុននេះ អ្នកនាំពាក្យក្រសួងការបរទេសបេឡារុស្ស លោក រូសលែន វ៉ារែនកូវ (Ruslan Varankov) បាននិយាយថា ទីក្រុងមីនស្ក៍បានមើលឃើញពីសក្តានុពលសម្រាប់អន្តរកម្មជាមួយរដ្ឋបាលអាម៉េរិកបច្ចុប្បន្នហើយបើកចំហសម្រាប់កិច្ចសន្ទនាលើគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





