ឥណ្ឌូណេស៊ីបញ្ចប់កិច្ចចរចាកិច្ចព្រមព្រៀងពាណិជកម្មសេរីជាមួយសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ -- ឥណ្ឌូណេស៊ី និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (EAEU) បានបញ្ចប់កិច្ចចរចាជាផ្លូវការទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលមានបំណងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅចុងឆ្នាំនេះ។ នេះបើយោងតាមក្រសួងសម្របសម្រួលកិច្ចការសេដ្ឋកិច្ចឥណ្ឌូណេស៊ីបានប្រកាសកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥។
រដ្ឋមន្ត្រីក្រសួងសម្របសម្រួលកិច្ចការសេដ្ឋកិច្ចឥណ្ឌូណេស៊ី លោក អ៊ែរឡាងហ្គា ហាតាតូ (Airlangga Hartarto) និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មEAEU លោក អេនដ្រេ ស្លេបណេវ (Andrey Slepnev) បានប្រកាសរួមគ្នាអំពីការបញ្ចប់កិច្ចចរចា FTA នៅខាងក្រៅវេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Petersburg លើកទី២៨ (SPIEF 2025)។ នេះបើយោងតាមសេចក្តីថ្លែងការណ៍។
កិច្ចព្រមព្រៀងនេះ គឺជាជំពូកថ្មីនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសឥណ្ឌូណេស៊ី និងប្រទេសជាសមាជិក EAEU ដែលរួមមានប្រទេសរុស្ស៊ី អាមេនី បេឡារុស្ស កាហ្សាក់ស្ថាន និងកៀហ្ស៊ីស៊ីស្ថាន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





