ថៃបង្កើនការបង្ក្រាបទូទាំងប្រទេសទៅលើក្រុមហ៊ុនឆ្លងដែន
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ -- អ្នកនាំពាក្យរដ្ឋាភិបាលថៃលោក ជីរ៉ាយុ ហួងស៊ុប (Jirayu Houngsub) បានប្រកាសកាលពីថ្ងៃទី២១ខែមិថុនា ឆ្នាំ២០២៥ ថា នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថុងថាន ស៊ីណាវ៉ាត់(Paetongtarn Shinawatra) បានបញ្ជាឱ្យអនុវត្តជាបន្ទាន់នូវគោលនយោបាយជាតិដើម្បីបង្រ្កាបរាល់ទម្រង់នៃការបោកប្រាស់តាមទូរសព្ទ ការក្លែងបន្លំតាមអនឡាញ និងការលេងល្បែងស៊ីសងខុសច្បាប់ដែលឥឡូវនេះត្រូវបានគេចាត់ទុកថាជាការគំរាមកំហែងដល់សន្តិសុខជាតិ។
លោក ជីរ៉ាយុ បានបញ្ជាក់ថា សន្និសីទសារព័ត៌មានកាលពីពេលថ្មីៗនេះដោយឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចឌីជីថលថៃ លោកប្រាសឺត ចាន់តារ៉ារឿងថុង (Prasert Jantararauangtong) គឺជាលទ្ធផលផ្ទាល់នៃវិធានការដែលបានអនុវត្តកាលពីដើមខែនេះ។
ស្ថិតិបង្ហាញពីការថយចុះគួរឱ្យកត់សម្គាល់នៃសកម្មភាពទាក់ទងនឹងការបោកប្រាស់តាមអនឡាញ ដែលផ្តល់ការការពារកាន់តែច្រើនសម្រាប់ពលរដ្ឋថៃពីបណ្តាញឧក្រិដ្ឋកម្មដែលបំផ្លាញស្ថិរភាពជាតិ។
លោក ជីរ៉ាយុ បាននិយាយថា ខណៈដែលព្រំដែនភាគខាងលិចរបស់ប្រទេសថៃជាមួយប្រទេសមីយ៉ាន់ម៉ា ឃើញមានការថយចុះយ៉ាងខ្លាំងនៃសកម្មភាពខុសច្បាប់ ដោយសារប្រតិបត្តិការមួយចំនួន រួមទាំងការកាត់ផ្តាច់ចរន្តអគ្គិសនី ទឹក និងសេវាអ៊ីនធឺណេត។
លោកបានព្រមានថា ជនជាតិថៃដែលចេះតែធ្វើការងារឱ្យក្រុមឧក្រិដ្ឋជនទាំងនោះកំពុងធ្វើបាបប្រជាជនខ្លួនយ៉ាងខ្លាំង៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





