ម៉ាឡេស៊ី៖ បុគ្គលិកសន្តិសុខចំនួន ៥០០នាក់នឹងត្រូវដាក់ពង្រាយសម្រាប់កិច្ចប្រជុំអាស៊ាន
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ -- ប៉ូលិសប្រហែល ៥០០នាក់នឹងត្រូវបានចល័តដោយស្នងការប៉ូលិសជាតិម៉ាឡេស៊ី (PDRM) ដើម្បីធានាបាននូវដំណើរការដោយរលូន និងសន្តិសុខនៃកិច្ចប្រជុំអាស៊ានដែលគ្រោងនឹងធ្វើឡើងនៅទីក្រុងកំពង់ផែឌីកសុនរបស់ប្រទេសម៉ាឡេស៊ីក្នុងខែកញ្ញាខាងមុខនេះ។
មេស្នងការប៉ូលិសរដ្ឋ លោក អាម៉ាដ ឌីហ្សាស់ហ្វៀ ម៉ូដ យូសូហ្វ (Ahmad Dzaffir Mohd Yussof) បាននិយាយថា ការដាក់ពង្រាយនេះ គឺមានគោលបំណងការពារព្រឹត្តិការណ៍កម្រិតខ្ពស់ដែលនឹងចូលរួមជាមួយមេដឹកនាំ មន្ត្រីជាន់ខ្ពស់ និងគណៈប្រតិភូមកពីទូទាំងតំបន់នេះ។
ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងត្រៀមរៀបចំ អង្គភាពសហព័ន្ធបម្រុង(FRU) និងកងកម្លាំងប្រដាប់អាវុធម៉ាឡេស៊ី (ATM) តាមរយៈកងពលតូចថ្មើរជើងទី១ បានធ្វើការហ្វឹកហាត់ការពារទីក្រុង ដោយរៀបចំសម្តែងសេណារីយ៉ូដែលពាក់ព័ន្ធនឹងកុបកម្ម និងការរំខានជាសាធារណៈ។
សមយុទ្ធនេះមានការចូលរួមពីបុគ្គលិកជាង ៣០០នាក់ និងមានរយៈពេលជិតមួយម៉ោង ដោយបង្ហាញពីសម្ភារៈយោធាជាច្រើន រួមទាំងរថពាសដែក Gempita 8x8 នាវាផ្ទុកសព្វាវុធ GK-M1 និងរថយន្តសង្គ្រោះពីកងវរសេនាធំម៉ាឡេស៊ី។
កិច្ចប្រជុំអាស៊ានជាច្រើនគ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុងកំពង់ផែឌីកសុនខែក្នុងខែកញ្ញាខាងមុខនេះ ដែលរួមទាំងកិច្ចប្រជុំឧត្តមមន្ត្រី (SOM) សម្រាប់អាស៊ានបូកបី (APT) កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) វេទិកាសមុទ្រអាស៊ានលើកទី១៥ និងវេទិកាដែនសមុទ្រអាស៊ានលើកទី១៣ ជាដើម៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





