គុណភាពខ្យល់មិនល្អនៅចក្រភពអង់គ្លេសបណ្តាលឱ្យមានមនុស្សស្លាប់
AKP ភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ -- គុណភាពខ្យល់មិនល្អនៅក្នុងចក្រភពអង់គ្លេសបានបង្កឱ្យមានការចំណាយជាង ៥០០លានផោនក្នុងមួយសប្តាហ៍ ហើយបានឆក់យកជីវិតមនុស្សចំនួន ៥០០នាក់ជារៀងរាល់សប្តាហ៍។នេះបើយោងតាមការចេញផ្សាយរបស់ក្រុមវេជ្ជបណ្ឌិតនៃមហាវិទ្យាល័យរ៉ូយ៉ាល់នៅក្នុងប្រទេសនោះ។
យោងតាមក្រុមវេជ្ជបណ្ឌិតអង់គ្លេសដែលត្រូវបានដកស្រង់ដោយសារព័ត៌មានអនឡាញ Sky News បានឱ្យដឹងថា នៅចក្រភពអង់គ្លេសមានការថយចុះនៃផលិតភាពការងារ នៅពេលដែល ៩៩% នៃចំនួនប្រជាជនកំពុងដកដង្ហើមជាមួយខ្យល់ពុល ហើយស្ទើរតែគ្រប់សរីរាង្គទាំងអស់នៃរាងកាយរបស់មនុស្សត្រូវបានខូចខាត បើទោះបីជាមានកំហាប់ជាតិពុលទាបនៅក្នុងខ្យល់ក៏ដោយ។
របាយការណ៍នេះបានសង្កត់ធ្ងន់ថា ការបំពុលខ្យល់មានផលប៉ះពាល់យ៉ាងខ្លាំងមិនត្រឹមតែទៅលើអត្រាមរណៈភាព និងអាយុសង្ឃឹមរស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទៅលើសូចនាករផ្សេងៗទៀតផងដែរជាពិសេសទៅលើសេដ្ឋកិច្ច។
ក្រុមវេជ្ជបណ្ឌិតទាំងនោះក៏បានបញ្ជាក់ផងដែរថា មានព័ត៌មានថ្មីៗអំពីហានិភ័យសំខាន់ៗសម្រាប់ការវិវត្តគភ៌នៅក្នុងផ្ទៃម្តាយ និងជំងឺមហារីកក៏ដូចជាជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល បញ្ហាសុខភាពផ្លូវចិត្ត និងជំងឺវង្វេងជាដើម។
ពួកគេក៏បានចង្អុលបង្ហាញថា មិនមានកម្រិតសុវត្ថិភាពនៃការបំពុលបរិយាកាសទេ ហើយការប៉ះពាល់នឹងអាចកាត់បន្ថយអាយុជីវិតរបស់មនុស្សជាមធ្យម ១,៨ឆ្នាំ ខណៈដែលហានិភ័យទីពីរ គឺជំងឺមហារីក និងការជក់បារី។
មហាវិទ្យាល័យរ៉ូយ៉ាល់បានជំរុញឱ្យរដ្ឋាភិបាលចាត់វិធានការដោះស្រាយវិបត្តិនេះ ហើយបានអំពាវនាវឱ្យបណ្តារដ្ឋមន្ត្រីទទួលស្គាល់នូវការបំពុលបរិយាកាសជាបញ្ហាសុខភាពសាធារណៈដ៏សំខាន់នៅក្នុងប្រទេស៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ប្រេនសាឡាទីណា)





