រុស្ស៊ី និងគុយបា ចុះកិច្ចព្រមព្រៀងប្រឆាំងអំពើពុករលួយ
AKP ភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ -- អគ្គរដ្ឋអាជ្ញារុស្ស៊ី លោក អ៊ីងោរ ក្រាស់ណូវ (Igor Krasnov) និងអគ្គស្នងការគុយបា លោកស្រី ម៉ារាម ម៉ាបេន (Miriam Marban) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។
ឯកសារនេះត្រូវបានចុះហត្ថលេខាក្នុងអំឡុងពេលនៃវេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Petersburg (SPIEF 2025) ដែលត្រូវបាននិងកំពុងប្រារព្ធធ្វើឡើងនៅទីក្រុង St. Petersburg ប្រទេសរុស្ស៊ី ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ខែមិថុនា ឆ្នាំ២០២៥។
លោក ក្រាស់ណូវ បាននិយាយបន្ទាប់ពីពិធីចុះហត្ថលេខាលើឯកសារជាមួយភាគីគុយបានោះថា ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយមានជាប់ពាក់ព័ន្ធយ៉ាងខ្លាំងនៅក្នុងដំណាក់កាលបច្ចុប្បន្ន រួមទាំងការការពារសហគ្រិនពីសម្ពាធរដ្ឋបាលហួសហេតុ។
មន្ត្រីជាន់ខ្ពស់រុស្ស៊ីរូបនោះ បាននិយាយថា «ខ្ញុំជឿជាក់ថា កិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ នឹងបម្រើជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍទំនាក់ទំនងវិជ្ជាជីវៈនៅក្នុងវិស័យនេះ»។
លោកបាននិយាយបន្ថែមថា ឯកសារនេះបានផ្តល់សម្រាប់លទ្ធភាពនៃការសម្របសម្រួលការងាររបស់ភ្នាក់ងារអនុវត្តច្បាប់នៅក្នុងប្រទេសទាំងពីរនៅក្នុងបរិបទនៃទម្រង់អន្តរជាតិសំខាន់ៗ ការលើកកម្ពស់គោលជំហររួម និងការចូលរួមរួមគ្នាក្នុងការអប់រំផ្នែកច្បាប់ប្រឆាំងអំពើពុករលួយសម្រាប់យុវជន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ប្រេនសាឡាទីណា)





