គណៈប្រតិភូរុស្សីត្រៀមខ្លួនរួចរាល់ដើម្បីទៅទីក្រុងអ៊ីស្តង់ប៊ុលបន្ទាប់ពីថ្ងៃទី២២ ខែមិថុនាសម្រាប់កិច្ចពិភាក្សា
AKP ភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ -- អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា (Maria Zakharova) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា គណៈប្រតិភូរុស្ស៊ីនឹងត្រៀមខ្លួនរួចរាល់ដើម្បីទៅដល់ទីក្រុងអ៊ីស្តង់ប៊ុលបន្ទាប់ពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីបន្តកិច្ចចរចាជាមួយអ៊ុយក្រែន។
លោកស្រី ហ្សាខារ៉ូវ៉ា បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅខាងក្រៅវេទិកាសេដ្ឋកិច្ចអន្តរជាតិ St. Petersburg (SPIEF) ថា «បន្ទាប់ពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ គណៈប្រតិភូរបស់យើងដែលខ្ញុំមានន័យថាជាគណៈប្រតិភូរុស្ស៊ី ដែលត្រូវបានអនុម័តដោយសេចក្តីសម្រេចរបស់លោកប្រធានាធិបតី នឹងត្រៀមខ្លួនរួចជាស្រេចដើម្បីទៅដល់ទីក្រុងអ៊ីស្តង់ប៊ុលដើម្បីបន្តកិច្ចចរចា។ កាលបរិច្ឆេទជាក់លាក់នឹងត្រូវបានកំណត់នាពេលខាងមុខ ហើយនឹងត្រូវបានប្រកាសដោយអ្នកតំណាង និងប្រធានគណៈប្រតិភូផ្ទាល់»។
ទីក្រុង St. Petersburg របស់រុស្ស៊ី បាននិងកំពុងរៀបចំព្រឹត្តិការណ៍SPIEF លើកទី២៨ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែមិថុនា ក្រោមប្រធានបទ«តម្លៃរួម៖ មូលដ្ឋានគ្រឹះនៃកំណើនក្នុងពិភពលោកពហុប៉ូល»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





