អ៊ីរ៉ង់កំណត់គោលដៅទៅលើឧស្សាហកម្មការពារជាតិក្នុងទីក្រុងហៃហ្វា និងតេលអាវីវ នៅក្នុងជុំថ្មីនៃការវាយប្រហារ
AKP ភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ -- កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាម(IRGC) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសអ៊ីរ៉ង់បានកំណត់គោលដៅទៅលើ «គោលដៅយោធា» និងកន្លែងឧស្សាហកម្មដែលទាក់ទងនឹងយោធានៅក្នុងទីក្រុងហៃហ្វា និងទីក្រុងតេលអាវីវរបស់អ៊ីស្រាអែល។
កងកម្លាំង IRGC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា«ការវាយប្រហារដោយគ្រាប់កាំជ្រួច និងយន្តហោះគ្មានមនុស្សបើក (ដ្រូន) រួមគ្នាជុំថ្មីបានចាប់ផ្តើម ដោយផ្តោតសំខាន់ទៅលើទីតាំងយោធា និងមជ្ឈមណ្ឌលឧស្សាហកម្មដែលភ្ជាប់ទៅនឹងឧស្សាហកម្មការពារជាតិនៅក្នុងទីក្រុងហៃហ្វា និងទីក្រុងតេលអាវីវ»។
រលកនៃការវាយប្រហារនាពេលថ្មីៗនេះពាក់ព័ន្ធនឹងយន្តហោះគ្មានមនុស្សបើកជាង ១០០គ្រឿងដែលតម្រង់ទៅលើប្រព័ន្ធការពារមីស៊ីលនៅក្នុងទីក្រុងទាំងពីររបស់អ៊ីស្រាអែល ហើយអ៊ីរ៉ង់មានបំណងបន្តបង្កើនការវាយប្រហាររបស់ខ្លួនប្រឆាំងនឹងទីតាំងឧស្សាហកម្មយោធា និងការពារជាតិបន្ថែមទៀតនៅក្នុងប្រទេសអ៊ីស្រាអែល។
កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ អ៊ីស្រាអែលបានបើកប្រតិបត្តិការទ្រង់ទ្រាយធំមួយដែលមានឈ្មោះថា Rising Lion ដោយនិយាយថា ខ្លួនបានវាយប្រហារគោលដៅយោធា និងទីកន្លែងនៃកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ កងកម្លាំងអាកាសអ៊ីស្រាអែលបានធ្វើការវាយប្រហារជាច្រើនលើកទៅលើទូទាំងប្រទេសអ៊ីរ៉ង់ រួមទាំងនៅទីក្រុងតេអេរ៉ង់ផងដែរ ដោយបានសម្លាប់មន្ត្រីយោធាជាន់ខ្ពស់អ៊ីរ៉ង់ជាច្រើននាក់ ក៏ដូចជាអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរមួយចំនួនទៀត។ អ៊ីរ៉ង់បានសងសឹកវិញដោយចាប់ផ្តើមប្រតិបត្តិការ True Promise 3 នៅពេលល្ងាចថ្ងៃដដែលនោះ ដែលបានវាយប្រហារទៅលើគោលដៅយោធានៅក្នុងប្រទេសអ៊ីស្រាអែល៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





