ប្រទេសឡាវប្រកាសអំពីកំណែទម្រង់ទៅលើស្ថាប័នប្រព័ន្ធផ្សព្វផ្សាយធំៗ
AKP ភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ -- ក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ បានប្រកាសពីការរៀបចំរចនាសម្ព័ន្ធរដ្ឋបាលប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនឡើងវិញនៅក្នុងសន្និសីទមួយដែលបានធ្វើឡើងកាលពីពេលថ្មីៗនេះនៅទីក្រុងវៀងចន្ទន៍។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម សួនសុវណ្ណ វីយ៉ាកេត រដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍។
នៅក្នុងសន្និសីទនោះ ក្រសួងបានប្រកាសជាផ្លូវការនូវការផ្ទេរមុខងារគ្រប់គ្រងសារព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានសំខាន់ៗចំនួនប្រាំ និងបុគ្គលិកពាក់ព័ន្ធទៅកាន់ក្រុមប្រឹក្សាឃោសនា និងបណ្តុះបណ្តាលនៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ។
ទីភ្នាក់ងារទាំងនោះរួមមាន នាយកដ្ឋានសារព័ត៌មាន ទីភ្នាក់ងារសារព័ត៌មានឡាវ ទូរទស្សន៍ជាតិឡាវ វិទ្យុជាតិឡាវ និងកាសែតវៀងចន្ទន៍ថែមស៍។
ចំណាត់ការនេះ គឺជាជំហានដ៏សំខាន់មួយក្នុងកិច្ចខិតខំប្រឹងប្រែងបន្តរបស់ប្រទេសឡាវ ដើម្បីសម្រួលបរិក្ខាររដ្ឋរបស់ខ្លួន និងលើកកម្ពស់តួនាទីរបស់បក្សក្នុងការដឹកនាំទិសដៅមនោគមវិជ្ជា និងការទំនាក់ទំនងសាធារណៈក្នុងបរិបទបច្ចុប្បន្ន។
ការរៀបចំរចនាសម្ព័ន្ធឡើងវិញនេះត្រូវបានគេរំពឹងថានឹងធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយទូទាំងប្រទេស ធានាឱ្យមានការឯកភាពនៃការគ្រប់គ្រងសារព័ត៌មានទូទាំងប្រទេស៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





