ម៉ាឡេស៊ី និងអាល់ហ្សេរី ចុះកិច្ចព្រមព្រៀងអភិវឌ្ឍន៍ឧស្សាហកម្មរ៉ែ
AKP ភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ -- ប្រទេសម៉ាឡេស៊ី និងអាល់ហ្សេរី បានចាប់ផ្តើមជាផ្លូវការនូវគម្រោងកិច្ចសហប្រតិបត្តិការឧស្សាហកម្មជាយុទ្ធសាស្ត្រដែលមានតម្លៃ ៨ពាន់លានដុល្លារអាម៉េរិក ដែលគាំទ្រដោយក្រុមហ៊ុន Lion Group របស់ម៉ាឡេស៊ី ដែលជាការបោះជំហានឆ្ពោះទៅមុខដ៏សំខាន់ក្នុងទំនាក់ទំនងទ្វេភាគី និងចាប់ផ្តើមដំណាក់កាលអភិវឌ្ឍន៍ថ្មីសម្រាប់វិស័យរុករករ៉ែរបស់ប្រទេសអាល់ហ្សេរី។
យោងតាមក្រសួងថាមពល រ៉ែ និងថាមពលកកើតឡើងវិញរបស់អាល់ហ្សេរី បានឱ្យដឹងថា អនុស្សរណៈនៃការយោគយល់ (MoU) សម្រាប់គម្រោងនេះ ត្រូវបានចុះហត្ថលេខានៅអាល់ហ្សេរីកាលពីថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០២៥ រវាងក្រុមហ៊ុនជាតិអាល់ហ្សេរីសម្រាប់ការស្រាវជ្រាវ និងការធ្វើអាជីវកម្មរ៉ែ (Sonarem) និងក្រុមហ៊ុន Lion Group ។
ភាពជាដៃគូនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការរុករក និងធ្វើអាជីវកម្មធនធានរ៉ែ រួមទាំងរ៉ែមាស ទង់ដែង និងម៉ង់ហ្គាណែស ក៏ដូចជាក្នុងការអភិវឌ្ឍឧស្សាហកម្មរ៉ែដែក អាលុយមីញ៉ូម និងថាមពលកកើតឡើងវិញ។
គម្រោងនេះត្រូវបានគេរំពឹងថានឹងបង្កើតការងារប្រហែល១០.០០០កន្លែង និងរួមបញ្ចូលទាំងគម្រោងសាងសង់កំពង់ផែនាំចេញដ៏សំខាន់មួយក្នុងទីក្រុងឆ្នេរសមុទ្រ Boumerdès។ ក្នុងរយៈពេលវែង ក្រុមហ៊ុន Lion Group ក៏មានបំណងពង្រីកទៅក្នុងវិស័យឧស្សាហកម្ម ទេសចរណ៍និងការអភិវឌ្ឍកសិកម្មនៅក្នុងប្រទេសអាល់ហ្សេរីផងដែរ។
កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាត្រឹមតែមួយថ្ងៃប៉ុណ្ណោះមុនពេលសភារបស់ប្រទេសអាល់ហ្សេរីបានអនុម័តច្បាប់រុករករ៉ែថ្មី ដែលសម្រួលដល់នីតិវិធីនៃការផ្តល់អាជ្ញាប័ណ្ណ និងពង្រីកក្របខ័ណ្ឌច្បាប់សម្រាប់ការវិនិយោគឯកជនពីបរទេស ដែលជាលក្ខខណ្ឌសំខាន់ដែលភាគីពាក់ព័ន្ធម៉ាឡេស៊ីបានរង់ចាំអស់រយៈពេលជាងមួយឆ្នាំមកហើយដើម្បីបន្តគម្រោងនេះ។
ការវិនិយោគដែលបានរៀបរាប់ខាងលើពីប្រទេសម៉ាឡេស៊ី គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍រ៉ែដែលរដ្ឋាភិបាលអាល់ហ្សេរីកំពុងស្វែងរកក្នុងគោលបំណងបង្កើនតម្លៃសេដ្ឋកិច្ចជាតិសរុបដល់ទៅ ៤០០ពាន់លានដុល្លារអាម៉េរិកនៅត្រឹមឆ្នាំ២០២៧៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





