អាស៊ានបញ្ជាក់ជាថ្មីពីការប្ដេជ្ញាចិត្តជំរុញរបៀបវារៈថាមពលបៃតង
AKP ភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ -- កិច្ចប្រជុំឧត្តមមន្ត្រីអាស៊ានលើកទី៤៣ ស្តីពីថាមពល (SOME) ដែលប្រព្រឹត្តទៅពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ដោយត្រូវបានកត់សម្គាល់នូវព្រឹត្តិការណ៍ដ៏សំខាន់មួយ ខណៈដែលប្រទេសជាសមាជិកបានឈានដល់ការឯកភាពគ្នាលើរបៀបវារៈយុទ្ធសាស្ត្រសំខាន់ៗ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការថាមពលក្នុងតំបន់។
លោក ម៉ាដ ហ្សៃឌី ម៉ូដ កាលី (Mad Zaidi Mohd Karli)អគ្គលេខាធិការនៃក្រសួងផ្លាស់ប្តូរថាមពល និងការផ្លាស់ប្តូរទឹក (PETRA) របស់ប្រទេសម៉ាឡេស៊ី បានប្រកាសថា កិច្ចប្រជុំនោះបានបញ្ចប់ទៅដោយសម្រេចបាននូវឯកសារសំខាន់ៗមួយចំនួន ជាពិសេសអនុស្សារណៈនៃការយោគយល់ (MoU) លើបណ្តាញថាមពលអាស៊ាន (APG) និងផែនការសកម្មភាពអាស៊ានសម្រាប់កិច្ចសហប្រតិបត្តិការថាមពល (APAEC) សម្រាប់ឆ្នាំ២០២៦-២០៣០។ MoU ស្តីពី APG ដែលត្រូវបានកែលម្អនឹងបម្រើជាប្លង់មេសម្រាប់គម្រោងបណ្តាញអគ្គិសនីឆ្លងព្រំដែននោះ ត្រូវបានគេរំពឹងថានឹងចុះហត្ថលេខានៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានស្តីពីថាមពល(AMEM) នៅទីក្រុងគូឡាឡាំពួរក្នុងខែតុលាខាងមុខនេះ។
រដ្ឋសមាជិកក៏បានពិនិត្យមើលទៅលើវឌ្ឍនភាពក្នុងវិស័យអាទិភាពចំនួន៦ សម្រាប់ឆ្នាំ២០២៥ ផងដែរ ដែលរួមមានទាំងការអភិវឌ្ឍក្របខ័ណ្ឌខ្សែក្រោមដី កិច្ចព្រមព្រៀងតាមដានចំពោះកិច្ចព្រមព្រៀងសន្តិសុខប្រេងអាស៊ាន (APSA) ការបើកដំណើរការមូលដ្ឋានទិន្នន័យប្រសិទ្ធភាពថាមពលអាស៊ាន និងការបើកដំណើរការវេទិកាវិនិយោគសម្រាប់ការផ្តួចផ្តើមការកសាងប្រកបដោយនិរន្តរភាព។
កិច្ចពិភាក្សាបន្ថែមបានគ្របដណ្តប់ទៅលើផែនទីបង្ហាញផ្លូវរយៈពេលវែងនៃថាមពលកកើតឡើងវិញរបស់អាស៊ាន ក្របខ័ណ្ឌវិញ្ញាបនកម្មថាមពលកកើតឡើងវិញអាស៊ាន (REC) និងក្របខ័ណ្ឌការអនុវត្តសម្រាប់រោងចក្រថាមពលនុយក្លេអ៊ែរ (NPPs)។
ថ្លែងអំពីតួនាទីរបស់ម៉ាឡេស៊ីក្នុងការផ្លាស់ប្តូរថាមពលក្នុងតំបន់ លោកម៉ាដ ហ្សៃឌី បានលើកឡើងអំពីហេដ្ឋារចនាសម្ព័ន្ធទំនើបរបស់ប្រទេសបរិយាកាសវិនិយោគអំណោយផល និងគោលនយោបាយគាំទ្រដែលជាគុណសម្បត្តិសំខាន់ៗដែលកំណត់ឱ្យម៉ាឡេស៊ីនាំមុខគេនៅក្នុងការផ្លាស់ប្តូរថាមពលស្អាតរបស់អាស៊ាន និងក្លាយជាមជ្ឈមណ្ឌលនាំមុខគេសម្រាប់ថាមពលបៃតងរបស់តំបន់៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





