ធនាគារពិភពលោកអនុម័តថវិកាវិនិយោគ ២,១ពាន់លានដុល្លារអាម៉េរិកដើម្បីគាំទ្រដល់កំណើនរបស់ឥណ្ឌូណេស៊ី
AKP ភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ -- ធនាគារពិភពលោក (WB) បានប្រកាសនូវកញ្ចប់ហិរញ្ញប្បទានចំនួន ២,១ពាន់លានដុល្លារអាម៉េរិកសម្រាប់ប្រទេសឥណ្ឌូណេស៊ី ដោយគាំទ្រដល់គម្រោងសំខាន់ៗចំនួនពីរដែលមានគោលបំណងជួយដល់ប្រទេសនេះសម្រេចឱ្យបាននូវគោលដៅរបស់ខ្លួនក្នុងការក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៤៥។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ ធនាគារពិភពលោកបាននិយាយថា កញ្ចប់ហិរញ្ញប្បទាននេះត្រូវបានរៀបចំឡើងដើម្បីគាំទ្រដល់ការបង្កើតការងារ ជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់លទ្ធភាពទទួលបានថាមពលស្អាតនៅទូទាំងប្រទេសឥណ្ឌូណេស៊ី។
កញ្ចប់ហិរញ្ញប្បទាននេះត្រូវបានគេរំពឹងថានឹងកៀរគរទុនវិនិយោគឯកជនចំនួន ៣៤៥លានដុល្លារអាម៉េរិកបន្ថែមទៀតសម្រាប់គម្រោងថាមពលពន្លឺព្រះអាទិត្យ និងខ្យល់។
ធាតុផ្សំដំបូងនៃកញ្ចប់ហិរញ្ញប្បទាននេះ គឺកម្ចីគោលនយោបាយ១,៥ពាន់លានដុល្លារអាម៉េរិក ដែលនឹងគាំទ្រដល់ការកែទម្រង់ក្នុងគោលបំណងពង្រីកការប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុឌីជីថល ការដករបាំងនៅក្នុងហេដ្ឋារចនាសម្ព័ន្ធឥណទានចេញ ការអភិវឌ្ឍទីផ្សារមូលធន និងការពង្រឹងភាពធន់នឹងហានិភ័យអាកាសធាតុ និងគ្រោះមហន្តរាយ។
យោងតាមគេហទំព័ររបស់ធនាគារពិភពលោក បានឱ្យដឹងថាការិយាល័យរដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ចរបស់ឥណ្ឌូណេស៊ីនឹងត្រួតពិនិត្យការអនុវត្តកម្មវិធីនោះ។ រដ្ឋាភិបាលឥណ្ឌូណេស៊ីត្រូវបានគេរំពឹងថានឹងស្នើសុំការទូទាត់នៅត្រឹមខែធ្នូ ឆ្នាំ២០២៦។
កញ្ចប់ហិរញ្ញប្បទានទីពីរដែលមានតម្លៃ ៦២៨លានដុល្លារអាម៉េរិក នឹងគាំទ្រដល់ដំណាក់កាលទីពីរនៃកម្មវិធី ISLE-2 របស់ឥណ្ឌូណេស៊ី ដែលដឹកនាំដោយក្រុមហ៊ុនអគ្គិសនីរដ្ឋ PLN ជាមួយនឹងការបញ្ចេញគម្រោងសម្រាប់ខែមេសា ឆ្នាំ២០៣២៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





