ម៉ាឡេស៊ីជំរុញឱ្យអាស៊ានចាត់វិធានការខ្លាំងជាងនេះដើម្បីសន្តិភាពនៅមីយ៉ាន់ម៉ា
AKP ភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ -- នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បានអំពាវនាវឱ្យបណ្តាប្រទេសជាសមាជិកអាស៊ាន ពង្រឹងការប្តេជ្ញាចិត្តរួមរបស់ពួកគេក្នុងការដោះស្រាយវិបត្តិដែលកំពុងកើតមាននៅក្នុងប្រទេសមីយ៉ាន់ម៉ា។
ថ្លែងនៅក្នុងកិច្ចប្រជុំតុមូលអាស៊ី-ប៉ាស៊ីហ្វិក (APR) លើកទី៣៨ នៅទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ លោកបានពណ៌នាអំពីស្ថានភាពក្នុងប្រទេសមីយ៉ាន់ម៉ាថាជាបញ្ហាប្រឈមដ៏តានតឹងបំផុត និងមិនអាចដោះស្រាយបាននៅតំបន់អាស៊ីអាគ្នេយ៍។
លោកបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ម៉ាឡេស៊ីក្នុងឋានៈជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២៥ ដើម្បីប្រើប្រាស់យន្តការក្នុងតំបន់ដែលអាចសម្រេចបានទាំងអស់របស់ប្លុក និងធ្វើការងារជាមួយដៃគូដើម្បីកាត់បន្ថយអំពើហិង្សា និងស្ដារដំណើរការសន្តិភាពដែលដឹកនាំដោយមីយ៉ាន់ម៉ាឡើងវិញ។
មេដឹកនាំម៉ាឡេស៊ីបានគូសបញ្ជាក់អំពីតួនាទីរបស់អាស៊ានក្នុងការដាក់គ្រឹះដ៏រឹងមាំមួយ ដើម្បីជួយតំបន់ដោះស្រាយជម្លោះ និងវិបត្តិនានា រាប់ចាប់តាំងពីជម្លោះដែនដី និងជំងឺរាតត្បាត រហូតដល់គ្រោះមហន្តរាយអាកាសធាតុ។ លោកបានលើកឡើងអំពីសមិទ្ធិផលរបស់ប្លុកក្នុងការលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ចតាមរយៈគំនិតផ្តួចផ្តើមនានា ដូចជាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលនាពេលខាងមុខជាដើម។
កិច្ចប្រជុំ APR រយៈពេលបីថ្ងៃដែលធ្វើឡើងចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ បានទាក់ទាញគណៈប្រតិភូចូលរួមប្រមាណ៤០០នាក់ និងអ្នកជំនាញចំនួន ៥០នាក់មកពី ២៥ប្រទេស និងដែនដី៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





