កិច្ចចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទៅវិញទៅមករបស់វៀតណាម និងសហរដ្ឋអាមេរិកមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់
AKP ភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ -- អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ផាម ធូហាំង (Pham Thu Hang) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍របស់ក្រសួងការបរទេសកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ថា នៅជុំទីបីនៃកិច្ចចរចាស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មទៅវិញទៅមករវាងវៀតណាម និងសហរដ្ឋអាមេរិកដែលប្រព្រឹត្តទៅនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១២ខែមិថុនា ឆ្នាំ២០២៥ នោះ គណៈប្រតិភូវៀតណាមបានរីកចម្រើនយ៉ាងខ្លាំងនិងបានបង្រួមភាពខុសគ្នាលើគ្រប់វិស័យដែលកំពុងពិភាក្សា។
ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានអំពីជុំកិច្ចចរចាលើកទី៣ នោះ លោកស្រី ហាំង បានបញ្ជាក់ថា ក្នុងអំឡុងពេលនៃកិច្ចចរចានោះ សហរដ្ឋអាមេរិកបានវាយតម្លៃខ្ពស់ចំពោះសុច្ឆន្ទៈ និងកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាម ដោយបានអះអាងនូវការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីទទួលស្គាល់សំណើ និងកង្វល់របស់វៀតណាម ហើយបានចាត់ទុកកិច្ចការទាំងនោះជាមូលដ្ឋានសំខាន់សម្រាប់បន្តកិច្ចពិភាក្សា និងឆ្ពោះទៅរកកិច្ចព្រមព្រៀងចុងក្រោយ។
គណៈប្រតិភូវៀតណាមបានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការកសាងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មប្រកបដោយតុល្យភាពនិងនិរន្តរភាពជាមួយសហរដ្ឋអាមេរិកដើម្បីផលប្រយោជន៍ប្រជាជន និងក្រុមហ៊ុនធុរកិច្ចនៃប្រទេសទាំងពីរ។ គណៈប្រតិភូទាំងពីរបានឯកភាពគ្នាចាត់តាំងក្រុមការងារកម្រិតបច្ចេកទេសដើម្បីបន្តកិច្ចពិភាក្សាសំដៅសម្រេចបាននូវកិច្ចព្រមព្រៀងដែលបំពេញតាមការរំពឹងទុក និងលក្ខខណ្ឌទាំងភាគីវៀតណាម និងសហរដ្ឋអាមេរិក៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





