កូរ៉េខាងជើងបាញ់គ្រាប់រ៉ុក្កែតចំនួន ១០គ្រាប់បន្ទាប់ពីសមយុទ្ធផ្លូវអាកាសត្រីភាគី
AKP ភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ -- យោធាកូរ៉េខាងត្បូងបាននិយាយថា ប្រទេសកូរ៉េខាងជើងបានបាញ់គ្រាប់រ៉ុក្កែតប្រហែល ១០គ្រាប់ពីប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតជាច្រើនរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ មួយថ្ងៃបន្ទាប់ពីប្រទេសកូរ៉េខាងត្បូងបានធ្វើសមយុទ្ធផ្លូវអាកាសរួមគ្នាជាមួយសហរដ្ឋអាមេរិក និងជប៉ុន។
យោធាបាននិយាយថា ប្រទេសកូរ៉េខាងជើងបានបាញ់ផ្លោងឆ្ពោះទៅសមុទ្រលឿងនៅម៉ោងប្រហែល ១០:០០ព្រឹកពីតំបន់ស៊ូណាន ក្បែរទីក្រុងព្យុងយ៉ាង ដោយយោធាបានបន្ថែមថា អាជ្ញាធរស៊ើបការណ៍កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកកំពុងធ្វើការវិភាគលើការធ្វើតេស្តអាវុធចុងក្រោយបង្អស់។
គ្រាប់រ៉ុក្កែតច្រើនគ្រាប់ប្រភេទ ២៤០មីលីម៉ែត្ររបស់ប្រទេសកូរ៉េខាងជើងបានដាក់ទីក្រុងសេអ៊ូល និងតំបន់ដែលនៅជាប់គ្នាក្នុងជួរគោលដៅ។ កាលពីឆ្នាំមុន ប្រទេសកូរ៉េខាងជើងបានធ្វើការបាញ់សាកល្បងនូវអ្វីដែលខ្លួនអះអាងថាជាគ្រាប់រ៉ុក្កែតច្រើនដែលបំពាក់ដោយប្រព័ន្ធណែនាំថ្មី។
ការសាកល្បងអាវុធនេះបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុនបានធ្វើសមយុទ្ធតាមផ្លូវអាកាសរួមគ្នា ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគីរបស់ពួកគេប្រឆាំងនឹងការគំរាមកំហែងរបស់យោធាកូរ៉េខាងជើង។
សមយុទ្ធជាលើកដំបូងនេះធ្វើឡើងក្រោមរដ្ឋាភិបាល លោក លី ជេយុង (Lee Jae Myung) ពាក់ព័ន្ធនឹងយន្តហោះចម្បាំង F-15K របស់ប្រទេសកូរ៉េខាងត្បូង យន្តហោះ F-16 របស់សហរដ្ឋអាមេរិក និងយន្តហោះចម្បាំង F-2 របស់ប្រទេសជប៉ុន៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





