ក្រូអាត និងឥណ្ឌាចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ
AKP ភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ -- នាយករដ្ឋមន្ត្រីក្រូអាតលោក អានដ្រេច ផ្លេនកូវីក (Andrej Plenkovic) បាននិយាយថា កិច្ចព្រមព្រៀងចំនួនបួនត្រូវបានចុះហត្ថលេខាដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសក្រូអាត និងឥណ្ឌា។
លោក ផ្លេនកូវីក បានប្រាប់សន្និសីទសារព័ត៌មានមួយ បន្ទាប់ពីលោកបានជួបជាមួយសមភាគីឥណ្ឌា លោក ណារេនដ្រា ម៉ូឌី (Narendra Modi)ដែលកំពុងបំពេញទស្សនកិច្ចថា កិច្ចព្រមព្រៀងនេះបានគ្របដណ្តប់លើវិស័យកសិកម្ម វប្បធម៌ វិទ្យាសាស្ត្រ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ Zagreb និងដៃគូនៅក្នុងប្រទេសឥណ្ឌា ជាពិសេសទាក់ទងនឹងការសិក្សាអំពីឥណ្ឌូវិទ្យា។
លោក ផ្លេនកូវីក បាននិយាយថា ពាណិជ្ជកម្មបច្ចុប្បន្នរវាងប្រទេសទាំងពីរមានប្រហែល ២៥០លានដុល្លារអាម៉េរិកកាលពីឆ្នាំមុន ហើយ «នេះជាមូលដ្ឋាន» សម្រាប់ទំហំពាណិជ្ជកម្មទ្វេភាគីកាន់តែច្រើន។
លោក ម៉ូឌី បានបង្ហាញពីបំណងចង់ជម្រុញទំនាក់ទំនងទ្វេភាគីរវាងប្រទេសឥណ្ឌា និងក្រូអាត។ លោកបាននិយាយថា «យើងនឹងបង្កើតផែនការដែលនឹងផ្តោតមិនត្រឹមតែលើការបណ្តុះបណ្តាល និងការផ្លាស់ប្តូរប៉ុណ្ណោះទេប៉ុន្តែថែមទាំងលើឧស្សាហកម្មការពារជាតិទាំងមូលផងដែរ ដោយលោកបានបន្ថែមថា ភាគីទាំងពីរក៏បានឯកភាពគ្នាចំពោះការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យឱសថ កសិកម្ម បច្ចេកវិទ្យាព័ត៌មាន ថាមពលកកើតឡើងវិញនិងគ្រឿងអេឡិចត្រូនិក៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





