ទីប្រឹក្សារដ្ឋចិនជួបជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសចិន
AKP ភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ -- ទីប្រឹក្សារដ្ឋចិន និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ លោក វ៉ាង សៅហុង (Wang Xiaohong) បានជួបជាមួយលោក ដាវីដ ភឺឌូ (David Perdue) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសចិននៅទីក្រុងប៉េកាំងកាលពីថ្ងៃព្រហស្បតិ៍។
លោក វ៉ាង បាននិយាយថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយសហរដ្ឋអាមេរិកដើម្បីអនុវត្តន៍ឱ្យបានល្អនូវការឯកភាពដ៏សំខាន់ដែលសម្រេចបានរវាងប្រមុខរដ្ឋទាំងពីររបស់ពួកគេ និងដោយផ្អែកលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យអនុវត្តច្បាប់ ដូចជាការគ្រប់គ្រងគ្រឿងញៀន និងការធ្វើមាតុភូមិនិវត្តន៍ជនអន្តោប្រវេសន៍ខុសច្បាប់ ដើម្បីសម្រេចបានលទ្ធផលដល់សុខុមាលភាពរបស់ប្រជាជននៃប្រទេសទាំងពីរ។
លោក វ៉ាង បានសម្តែងក្តីសង្ឃឹមថា សហរដ្ឋអាមេរិកនឹងធ្វើការរួមគ្នាជាមួយប្រទេសចិន ប្រកាន់ខ្ជាប់នូវអាកប្បកិរិយាសមភាព គោរពនូវកង្វល់របស់គ្នាទៅវិញទៅមក និងបញ្ចូលថាមពលវិជ្ជមានទៅក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។
លោក ភឺឌូ បានសម្តែងនូវឆន្ទៈក្នុងការដើរតួនាទីដើម្បីលើកកម្ពស់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី និងសម្របសម្រួលការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យដូចជាការអនុវត្តច្បាប់គ្រប់គ្រងគ្រឿងញៀន៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





