ស្មារតីចិន-អាស៊ីកណ្តាលត្រូវបានបង្កើតឡើង
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ -- ប្រទេសចិន និងប្រទេសទាំង៥ នៅអាស៊ីកណ្តាល បានចុះហត្ថលេខាលើសន្ធិសញ្ញានៃភាពជាអ្នកជិតខាងល្អនិងកិច្ចសហប្រតិបត្តិការមិត្តភាពជាអចិន្ត្រៃយ៍កាលពីថ្ងៃអង្គារ ដោយបញ្ជាក់ពីគោលការណ៍នៃមិត្តភាពនៅគ្រប់ជំនាន់ក្នុងទម្រង់ច្បាប់។
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានចុះហត្ថលេខាលើឯកសារនេះជាមួយមេដឹកនាំប្រទេសកាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថានតាជីគីស្ថាន តូមិននីស្ថាន និងអ៊ូសបេគីស្ថាន នៅទីក្រុងអាស្តាណា រដ្ឋធានីនៃប្រទេសកាហ្សាក់ស្ថាន ជាកន្លែងដែលពួកគេបានជួបប្រជុំគ្នាសម្រាប់កិច្ចប្រជុំកំពូលចិន-អាស៊ីកណ្តាលលើកទីពីរ។
ថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំកំពូលនោះ លោក ស៊ី បាននិយាយថាកិច្ចសហប្រតិបត្តិការចិន-អាស៊ីកណ្តាលត្រូវបានចាក់ឫសក្នុងការផ្លាស់ប្តូរមិត្តភាពជាង ២.០០០ឆ្នាំ ដែលត្រូវបានពង្រឹងដោយសារសាមគ្គីភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដែលត្រូវបានបណ្តុះតាមរយៈទំនាក់ទំនងការទូតជាង ៣ទសវត្សរ៍កន្លងមក ហើយបានឆ្ពោះទៅមុខតាមរយៈការបើកចំហ និងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះនៃយុគសម័យថ្មី។
នៅពេលដែលពិភពលោកបានឈានចូលដល់សម័យកាលថ្មីនៃភាពចលាចល និងការផ្លាស់ប្តូរ ដោយលោក ស៊ី បាននិយាយថា ជំនឿដ៏មុតមាំទៅលើភាពត្រឹមត្រូវ យុត្តិធម៌ និងការប្តេជ្ញាចិត្តចំពោះផលប្រយោជន៍ទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ គឺជាមធ្យោបាយតែមួយគត់ដើម្បីរក្សាសន្តិភាពសកលលោក និងសម្រេចបាននូវការអភិវឌ្ឍរួម។
លោកបាននិយាយថា «គ្មានអ្នកឈ្នះនៅក្នុងសង្គ្រាមពន្ធគយ ឬសង្រ្គាមពាណិជ្ជកម្មទេ។ ឯកតោភាគីនិយម ការការពារនិយម និងអនុត្តរភាពនឹងច្បាស់ជាត្រលប់មកវិញ ខណៈដែលវានឹងធ្វើឱ្យអ្នកដទៃឈឺចាប់»។
លោកបាននិយាយបន្ថែមថា «ខ្ញុំតែងតែរក្សាថា ប្រវត្តិសាស្ត្រគួរតែដើរទៅមុខ មិនថយក្រោយនោះទេ ហើយពិភពលោកគួរតែរួបរួមគ្នា មិនត្រូវមិនបែកបាក់គ្នាទេ។ មនុស្សជាតិមិនត្រូវដើរថយក្រោយចំពោះច្បាប់ព្រៃទេ។ ផ្ទុយទៅវិញ យើងគួរតែកសាងសហគមន៍មួយដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ»។
លោក ស៊ី បានសង្កត់ធ្ងន់ថា ការកសាងកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជាតិនានាបានបង្កើតស្មារតីចិន-អាស៊ីកណ្តាលនៃការគោរពគ្នាទៅវិញទៅមក ការជឿទុកចិត្តគ្នាផលប្រយោជន៍ទៅវិញទៅមក និងជំនួយទៅវិញទៅមកសម្រាប់កិច្ចខិតខំប្រឹងប្រែងរួមគ្នានៃទំនើបកម្មតាមរយៈការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





