លោក ពូទីន បញ្ជាក់ប្រាប់មេដឹកនាំអេមីរ៉ាត់អារ៉ាប់រួមចំពោះការត្រៀមខ្លួនរបស់រុស្ស៊ីក្នុងការសម្របសម្រួលជម្លោះអ៊ីរ៉ង់-អ៊ីស្រាអែល
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ -- វិមានក្រឹមឡាំងបាននិយាយថានៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអេមីរ៉ាត់អារ៉ាប់រួម លោក ម៉ូហាម៉េដ ប៊ីន ហ្សាយ៉េដ អាល់ ណាយ៉ាន់ (Mohamed bin Zayed Al Nahyan) កាលពីថ្ងៃពុធ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានបញ្ជាក់ពីការត្រៀមខ្លួនរបស់ប្រទេសរុស្ស៊ីក្នុងការសម្រុះសម្រួលនិងលើកកម្ពស់កិច្ចសន្ទនារវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល។
វិមានក្រឹមឡាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «លោកវ្ល៉ាឌីមៀ ពូទីន បានបញ្ជាក់ពីការត្រៀមខ្លួនរបស់រុស្ស៊ីដើម្បីផ្តល់ជំនួយសម្រាប់ការសម្រុះសម្រួលក្នុងការលើកកម្ពស់ការសន្ទនារវាងភាគីជម្លោះ ដោយជូនដំណឹងអំពីការទំនាក់ទំនងជាមួយបណ្តាមេដឹកនាំបរទេសមួយចំនួននៅក្នុងបញ្ហានេះ»។
សេចក្តីថ្លែងការណ៍នោះបាននិយាយបន្ថែមថា មេដឹកនាំទាំងពីរបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបន្តកើនឡើងនៃជម្លោះរវាងអ៊ីរ៉ង់និងអ៊ីស្រាអែល។
វិមានក្រឹមឡាំងបាននិយាយថា លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអេមីរ៉ាត់អារ៉ាប់រួម លោក ម៉ូហាម៉េដ ប៊ីន ហ្សាយ៉េដ អាល់ ណាយ៉ាន់ បានសន្ទនាតាមទូរស័ព្ទ និងពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី ក៏ដូចជាស្ថានភាពនៅមជ្ឈិមបូព៌ា។
សេចក្តីថ្លែងការណ៍បាននិយាយថា «ប្រមុខរដ្ឋទាំងពីរបានសម្តែងការពេញចិត្តចំពោះកម្រិតខ្ពស់នៃកិច្ចសហប្រតិបត្តិការរុស្ស៊ី-អេមីរ៉ាត់អារ៉ាប់រួម ដែលសម្រេចបានក្នុងវិស័យនានា ដូចជាវិស័យនយោបាយ ពាណិជ្ជកម្មសេដ្ឋកិច្ច និងមនុស្សធម៌ ហើយក៏បានព្រមព្រៀងគ្នាបន្តទំនាក់ទំនងផ្ទាល់ខ្លួននិងផ្លាស់ប្តូរទស្សនៈគ្នា ជាពិសេសនៅក្នុងបរិបទនៃស្ថានការណ៍កាន់តែធ្ងន់ធ្ងរនៅមជ្ឈិមបូព៌ា»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





