រុស្ស៊ី និងកូរ៉េខាងជើង ព្រមព្រៀងគ្នាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ -- ប្រមុខក្រសួងអប់រំរបស់រុស្ស៊ីលោក ស៊ែរហ្គេយ ក្រាវសូវ (Sergey Kravtsov) និងរដ្ឋមន្ត្រីក្រសួងអប់រំរបស់កូរ៉េខាងជើង លោក គីម សុងឌូ (Kim Song Du) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ។
ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅក្នុងវេទិការដ្ឋមន្ត្រីអប់រំ ស្តីពី«ការបង្កើតអនាគត»។
ភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ សម្រាប់ផ្នែកមធ្យមសិក្សាវិជ្ជាជីវៈ និងការអប់រំវិជ្ជាជីវៈបន្ថែម ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការកំសាន្ត និងការលើកកម្ពស់សុខភាពកុមារព្រមទាំងការកំណត់ និងការគាំទ្រដល់សិស្សតាមរយៈការផ្តល់ជារង្វាន់។
លើសពីនេះទៀត ក្រសួងទាំងពីរនឹងសហការគ្នាលើវិស័យមួយចំនួនទៀត ដែលរួមមានទាំងការរៀបចំពិព័រណ៍រួមគ្នា សិក្ខាសាលា និងការតាំងពិព័រណ៌ដែលមានការចូលរួមពីអង្គភាពអប់រំនៃប្រទេសទាំងពីរ។
ការយកចិត្តទុកដាក់ជាពិសេសនឹងត្រូវបានផ្តល់ដល់ការអភិវឌ្ឍនៃការសិក្សាភាសារុស្ស៊ីនៅកូរ៉េខាងជើង ការប្រកួតកីឡាអូឡាំពិក និងការលើកកម្ពស់ធនធានអប់រំអេឡិចត្រូនិកជាភាសារុស្សី និងកូរ៉េក្នុងចំណោមកុមារ និងយុវវ័យ។
នៅពេលអនាគត កូរ៉េខាងជើងគ្រោងនឹងបង្កើតមជ្ឈមណ្ឌលអប់រំសម្រាប់ភាសារុស្សី និងមុខវិជ្ជាអប់រំទូទៅជាភាសារុស្សី ខណៈដែលរុស្ស៊ីគ្រោងនឹងបង្កើតមជ្ឈមណ្ឌលសម្រាប់សិក្សាភាសាកូរ៉េ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





