កងទ័ពជើងទឹកកូរ៉េខាងត្បូង និងកងម៉ារីនចូលរួមសមយុទ្ធពហុជាតិនៅប្រទេសអូស្ត្រាលី
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ -- កងទ័ពជើងទឹកកូរ៉េខាងត្បូងនិងកងម៉ារីននឹងចូលរួមក្នុងសមយុទ្ធពហុជាតិប្រចាំឆ្នាំដែលគ្រោងនឹងចាប់ផ្តើមក្នុងប្រទេសអូស្ត្រាលីនៅខែក្រោយ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនសមត្ថភាពប្រតិបត្តិការជាមួយកងកម្លាំងមកពីប្រទេសចំនួន ១៨ផ្សេងទៀត។
យោងតាមកងទ័ពជើងទឹក បានឱ្យដឹងថា បុគ្គលិកប្រហែល ៨៤០នាក់រួមទាំងបុគ្គលិកមកពីកងទ័ពជើងទឹក កងម៉ារីន និងកងកម្លាំងប្រតិបត្តិការពិសេសរបស់កងទ័ពនឹងចូលរួមសមយុទ្ធ Talisman Saber ដែលគ្រោងនឹងធ្វើឡើងនៅក្នុងតំបន់ភាគឦសាននៃប្រទេសអូស្ត្រាលី ចាប់ពីថ្ងៃទី៣-២៧ខែកក្កដា។
ប្រទេសកូរ៉េខាងត្បូងគ្រោងនឹងចល័តនាវាចុះចត amphibious ROKS Marado ទម្ងន់១៤.៥០០តោន នាវាពិឃាត ROKS Wang Geon ទម្ងន់ ៤.៤០០តោន ឧទ្ធម្ភាគចក្រ Lynx ព្រមទាំងរថក្រោះ K9 និងប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត Chunmoo ។
សមយុទ្ធនេះធ្វើឡើងរួមគ្នាដោយសហរដ្ឋអាមេរិក និងអូស្ត្រាលីសមយុទ្ធនៅឆ្នាំនេះនឹងមានការចូលរួមពីកងទ័ពប្រមាណ ៣០.០០០នាក់ នាវាប្រហែល ៣០គ្រឿង និងយន្តហោះចំនួន ៧០គ្រឿងមកពីប្រទេសចំនួន ១៩រួមទាំងចក្រភពអង់គ្លេស បារាំង និងជប៉ុនផងដែរ។
កងទ័ពជើងទឹកកូរ៉េខាងត្បូងបានចូលរួមជាលើកដំបូងនៅក្នុងសមយុទ្ធនៅឆ្នាំ២០២១ ហើយត្រូវបានចូលរួមដោយកងម៉ារីននៅឆ្នាំ២០២៣។ ឆ្នាំនេះជាលើកដំបូងដែលកងកម្លាំងប្រតិបត្តិការពិសេសរបស់កងទ័ពកំពុងចូលរួមក្នុងសមយុទ្ធរយៈពេលពីរឆ្នាំ។
ជាលើកដំបូងផងដែរ ប្រទេសកូរ៉េខាងត្បូងនឹងចូលរួមក្នុងការហ្វឹកហ្វឺនប្រតិបត្តិការអវកាសរួមគ្នា និងទទួលតួនាទីជាមេបញ្ជាការសម្រាប់សមយុទ្ធចុះចតលើអាកាសរួមបញ្ចូលគ្នាក្នុងអំឡុងពេលសមយុទ្ធនេះ៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





