ស្ថានទូតស្រីលង្កានៅក្នុងប្រទេសអ៊ីរ៉ង់ត្រូវបានជម្លៀសចេញពីទីក្រុងតេអេរ៉ង់
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីក្រសួងការបរទេសការងារបរទេស និងទេសចរណ៍ លោក វីជីថា ហេរ៉ាត់ (Vijitha Herath)បានប្រាប់សភាកាលពីថ្ងៃអង្គារថា ស្ថានទូតស្រីលង្កាក្នុងទីក្រុងតេអេរ៉ង់ត្រូវបានជម្លៀសចេញដោយសារតែជម្លោះដែលកំពុងបន្ត។
លោក ហេរ៉ាត់ បាននិយាយថា ស្ថានទូតនឹងត្រូវផ្លាស់ប្តូរទីតាំងទៅកាន់តំបន់មួយផ្សេងទៀតក្នុងប្រទេសអ៊ីរ៉ង់ ហើយនឹងបន្តប្រតិបត្តិការរបស់ខ្លួន។
លោកបាននិយាយថា ប្រជាជនស្រីលង្កាប្រហែល ២០.០០០នាក់បច្ចុប្បន្នកំពុងរស់នៅក្នុងប្រទេសអ៊ីស្រាអែល រួមជាមួយនឹង ៣៥នាក់នៅក្នុងប្រទេសអ៊ីរ៉ង់។ ប្រជាជនស្រីលង្កា ៤នាក់នៅប្រទេសអ៊ីស្រាអែលបានរងរបួសដោយសារជម្លោះ។
លោករដ្ឋមន្ត្រីបានបន្ថែមថា រដ្ឋាភិបាលបានផ្អាកការដាក់ពង្រាយកម្មករស្រីលង្កាទៅកាន់ប្រទេសអ៊ីស្រាអែល។ លោកបាននិយាយថា កម្មករដែលកំពុងសម្រាកលំហែកាយនៅប្រទេសស្រីលង្កាត្រូវបានគេណែនាំអោយស្នាក់នៅក្នុងប្រទេសរហូតដល់ស្ថានភាពប្រសើរឡើងវិញ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





