អេស្បាញអំពាវនាវឱ្យសហភាពអឺរ៉ុបដាក់ទណ្ឌកម្មអាវុធលើអ៊ីស្រាអែល
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីការបរទេសអេស្បាញ លោក ចូសេ ម៉ានូអែល អាល់បារេស (Jose Manuel Albares)បានអំពាវនាវឱ្យសហភាពអឺរ៉ុប (EU) ដាក់ទណ្ឌកម្មអាវុធលើអ៊ីស្រាអែលជាមធ្យោបាយមួយដើម្បីបញ្ចប់ជម្លោះដែលកំពុងបន្តនៅតំបន់ហ្គាហ្សា។
នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Bloomberg លោក អាល់បារេស បានសង្កត់ធ្ងន់ថា EU ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អ៊ីស្រាអែលក្នុងពិភពលោកទទួលបានឥទ្ធិពលយ៉ាងសំខាន់។ លោកបាននិយាយថា ប្លុកនេះ «ត្រូវតែដាក់ទណ្ឌកម្មអាវុធដើម្បីកុំឱ្យដៃគូសហភាពអឺរ៉ុបរបស់យើងលក់អាវុធទៅឱ្យអ៊ីស្រាអែល ខណៈពេលដែលសង្រ្គាមនេះនៅតែបន្ត»។
លោក អាល់បារេស ជាអ្នករិះគន់យ៉ាងខ្លាំងចំពោះជម្លោះនៅតំបន់ហ្គាហ្សា និងជាអ្នកតស៊ូមតិយ៉ាងម៉ឺងម៉ាត់សម្រាប់ដំណោះស្រាយរដ្ឋពីរ។កាលពីខែឧសភា លោកបានហៅតំបន់ហ្គាហ្សាថាជា «របួសបើកចំហសម្រាប់មនុស្សជាតិ» នៅក្នុងកិច្ចប្រជុំអន្តរជាតិនៃតំណាងបរទេសមកពីបណ្តាប្រទេសអឺរ៉ុប និងមូស្លីម ប្រេស៊ីល និងអង្គការអន្តរជាតិ។
យោងតាមអាជ្ញាធរសុខាភិបាលដែលមានមូលដ្ឋាននៅតំបន់ហ្គាហ្សាបានឱ្យដឹងថា យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន ៥.១៣៩នាក់ត្រូវបានសម្លាប់ និង ១៦.៨៨២នាក់ផ្សេងទៀតបានរងរបួស ចាប់តាំងពីអ៊ីស្រាអែលបានបន្តការវាយប្រហារដ៏ខ្លាំងក្លារបស់ខ្លួននៅថ្ងៃទី១៨ ខែមីនា។នេះនាំឱ្យចំនួនអ្នកស្លាប់សរុបចាប់តាំងពីខែតុលា ឆ្នាំ២០២៣ កើនដល់៥៥.៤៣២នាក់ ជាមួយនឹងមនុស្សចំនួន ១២៨.៩២៣នាក់បានរងរបួស។
យោងតាមតួលេខផ្លូវការបានឱ្យដឹងថា បន្ទាប់ពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលរបស់អ៊ីស្រាអែលលើអ៊ីរ៉ង់កាលពីថ្ងៃទី១៣ ខែមិថុនា ការប៉ះទង្គិចគ្នាជាបន្តបន្ទាប់បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៤៤នាក់នៅក្នុងប្រទេសអ៊ីរ៉ង់ និង ២៤នាក់នៅក្នុងប្រទេសអ៊ីស្រាអែល៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





