ថៃប្រារព្ធពិធីបុណ្យដំណាំទុរេនដើម្បីផ្សព្វផ្សាយផលិតផលកសិកម្មចូលក្នុងប្រទេសចិន
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ -- ពិធីបុណ្យដំណាំទុរេនមួយត្រូវបានប្រារព្ធឡើងកាលពីថ្ងៃពុធនៅក្នុងខេត្តជុមផុន ភាគខាងត្បូងប្រទេសថៃក្នុងគោលបំណងដើម្បីបង្ហាញពីគុណភាពនៃដំណាំទុរេនថៃ និងផ្សព្វផ្សាយផលិតផលកសិកម្មដែលមានគុណភាពខ្ពស់បន្ថែមទៀតដើម្បីចូលទៅក្នុងទីផ្សារប្រទេសចិន។
ក្នុងព្រឹត្តិការណ៍នេះ រួមមានការប្រមូលផលដំណាំទុរេន ដំណាំមង្ឃុតនិងពិព័រណ៍ផលិតផលកសិកម្មផ្សេងទៀត អភិបាលខេត្តជុមផុន លោក ថេនចៃ ជូគីតទីវិប៊ូន (Thienchai Chukittiwiboon) បានកាត់ផ្លែទុរេនដោយកាំបិតនៅចម្ការទុរេនខេត្តជុមផុនដែលជាការចាប់ផ្ដើមរដូវប្រមូលផលដំណាំទុរេនខេត្តជុមផុនឆ្នាំ២០២៥។
លោក ស៊ូបាន រ៉ាក់ថុង (Suban Rakthong) ប្រធានកសិកម្មខេត្តជុមផុន បាននិយាយថា ជាតំបន់ដាំផ្លែទុរេនធំជាងគេនៅភាគខាងត្បូងប្រទេសថៃ ដោយលក្ខខណ្ឌធម្មជាតិក្នុងខេត្តជុមផុន គឺសមរម្យសម្រាប់ការរីកលូតលាស់នៃផ្លែឈើត្រូពិច។ កសិករក្នុងស្រុកមានបទពិសោធន៍ច្រើនក្នុងការដាំដំណាំទុរេន និងបានប្រើប្រាស់បច្ចេកវិទ្យាទំនើបដែលធ្វើឱ្យដំណាំទុរេននៃខេត្តជុមផុន ល្បីល្បាញដោយសាររសជាតិឆ្ងាញ់ និងគុណភាពខ្ពស់។
លោកបានបន្ថែមថា នឹងមានការផលិតដំណាំទុរេនជាង៣០០.០០០តោននៅក្នុងខេត្តនេះក្នុងឆ្នាំ២០២៥ ដោយរដូវនេះមានរយៈពេលចាប់ពីខែឧសភាដល់ខែធ្នូ ដោយនាំមកនូវប្រាក់ចំណូលជាង ៣០ប៊ីលានបាត(៩១៩,៨លានដុល្លារអាម៉េរិក)។
លោក ថេនចៃ បាននិយាយថា នាយកដ្ឋានរដ្ឋាភិបាល និងកសិករដាំផ្លែឈើ បានធ្វើការរួមគ្នាដើម្បីធានាគុណភាពនៃដំណាំទុរេន ដោយប្រកាន់ខ្ជាប់នូវការណែនាំនៃវិញ្ញាបនប័ត្រការអនុវត្តកសិកម្ម និងកំណត់ស្តង់ដារដំណើរការដាំដុះ។
អគ្គកុងស៊ុលចិនប្រចាំខេត្តសុងខ្លា លោក វ៉ាង ហ្សីចៀន (Wang Zhijian) បាននិយាយថា ប្រទេសចិនមានឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសថៃបន្ថែមទៀត និងពង្រីកការនាំចូលផលិតផលកសិកម្មថៃដែលមានគុណភាពខ្ពស់ ជាមួយនឹងការធ្វើឱ្យប្រសើរឡើងនូវការប្រើប្រាស់របស់ប្រទេសចិន៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





