លោក លី ធ្វើដំណើរមកដល់ប្រទេសកាណាដាសម្រាប់កិច្ចប្រជុំកំពូលក្រុម G7
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ -- ប្រធានាធិបតីកូរ៉េខាងត្បូងលោក លី ជេយុង (Lee Jae-myung) បានធ្វើដំណើរមកដល់ប្រទេសកាណាដាកាលពីថ្ងៃចន្ទ ដើម្បីចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេសទាំងប្រាំពីរ(G7) ដែលជាការធ្វើដំណើរទៅខាងក្រៅប្រទេសលើកដំបូងរបស់លោកចាប់តាំងពីចូលកាន់តំណែងជាងពីរសប្តាហ៍។
នៅថ្ងៃដំបូង លោក លី គ្រោងនឹងធ្វើកិច្ចចរចាទ្វេភាគីជាបន្តបន្ទាប់ជាមួយសមាជិកមិនមែនក្រុម G7 នៅទីក្រុងកាល់ហ្គារី ដែលជាទីក្រុងធំបំផុតនៅតំបន់ Alberta។ នៅថ្ងៃបន្ទាប់ លោក លីនឹងចូលរួមពិធីទទួលស្វាគមន៍និងអាហារពេលល្ងាចដែលរៀបចំដោយប្រទេសកាណាដា។
នៅថ្ងៃអង្គារនេះ លោក លី នឹងធ្វើដំណើរទៅកាន់តំបន់ Kananaskis ដែលជាតំបន់រមណីយដ្ឋានភ្នំមានចម្ងាយប្រហែល ៨០គីឡូម៉ែត្រភាគខាងលិចទីក្រុងកាល់ហ្គារី ដើម្បីចូលរួមជាមួយក្រុម G7 ជាកន្លែងដែលលោកនឹងណែនាំចក្ខុវិស័យរបស់ប្រទេសកូរ៉េខាងត្បូងសម្រាប់សន្តិសុខថាមពល និងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត។
មន្ត្រីជាន់ខ្ពស់មួយរូបបានប្រាប់អ្នកយកព័ត៌មានថា កិច្ចពិភាក្សាកំពុងដំណើរការដើម្បីរៀបចំឱ្យមានជំនួបទ្វេភាគីជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីហ្គេរូ អ៊ីស៊ីបា (Shigeru Ishiba) ក៏ដូចជាមេដឹកនាំផ្សេងទៀតនៃសមាជិកក្រុម G7 នៅខាងក្រៅកិច្ចប្រជុំកំពូល៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





