ជនចំណាកស្រុកចំនួន ៦៣៥នាក់បានស្ទាក់ចាប់នៅឆ្នេរសមុទ្រលីប៊ីកាលពីសប្តាហ៍មុន
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ -- អង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក (IOM) កាលពីថ្ងៃចន្ទបាននិយាយថា ជនចំណាកស្រុកចំនួន ៦៣៥នាក់ត្រូវបានស្ទាក់ចាប់នៅឆ្នេរសមុទ្រនៃប្រទេសលីប៊ីកាលពីសប្តាហ៍មុន ខណៈពេលដែលពួកគេព្យាយាមធ្វើដំណើរទៅកាន់សហភាពអឺរ៉ុប។
អង្គការ IOM បាននិយាយថា ជនចំណាកស្រុករួមមានស្ត្រី ៣២នាក់និងកុមារ ២០នាក់ ខណៈដែលសាកសពជនចំណាកស្រុកចំនួន ៥នាក់ត្រូវបានរកឃើញនៅឆ្នេរសមុទ្រលីប៊ី។
អង្គការបានកត់សម្គាល់ថា ទីភ្នាក់ងារបានផ្តល់ជំនួយសង្គ្រោះបន្ទាន់ភ្លាមៗ រួមទាំងការថែទាំវេជ្ជសាស្រ្តសង្គ្រោះជីវិតដល់ជនចំណាកស្រុកបន្ទាប់ពីការជួយសង្គ្រោះ។
អង្គការ IOM បាននិយាយថា រហូតមកដល់ពេលនេះ ជនចំណាកស្រុកសរុបចំនួន ១០.៦៣៤នាក់ រួមទាំងស្ត្រី និងកុមារ ត្រូវបានស្ទាក់ចាប់នៅសមុទ្រ ហើយនាំត្រឡប់ទៅប្រទេសលីប៊ីវិញ ខណៈដែលជនចំណាកស្រុក២៤៩នាក់បានស្លាប់នៅសមុទ្រ និង២២៦នាក់ផ្សេងទៀតបានបាត់ខ្លួននៅលើផ្លូវសមុទ្រមេឌីទែរ៉ាណេភាគកណ្តាល រួមទាំងអ្នកដែលចាកចេញពីប្រទេសលីប៊ី និងប្រទេសដទៃទៀត។
ចាប់តាំងពីការដួលរលំនៃមេដឹកនាំចុងក្រោយ លោក ម៉ាមម៉ារ ហ្គាដដាហ្វី (Muammar Gaddafi) ក្នុងឆ្នាំ២០១១ អសន្តិសុខ និងចលាចលជាបន្តបន្ទាប់នៅក្នុងប្រទេសលីប៊ីបានជំរុញឱ្យជនចំណាកស្រុកជាច្រើនដែលភាគច្រើនមកពីទ្វីបអាហ្រ្វិកព្យាយាមឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេដើម្បីធ្វើដំណើរទៅកាន់សហភាពអឺរ៉ុប៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ





